រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Liz Truss បានសម្រេចបំពេញទស្សនកិច្ចទៅកាន់ឥណ្ឌា នៅថ្ងៃទី៣១ខែមីនា ដើម្បីបង្កើនទំនាក់ទំនងការទូតពាក់ព័ន្ធនឹងស្ថានការណ៍សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ។ ក្នុងថ្ងៃជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានប្រកាសពីដំណើរទស្សនកិច្ចនៅទីក្រុងញូវដេលីនៅថ្ងៃទី៣១ខែមីនានេះដែរ ។
បណ្តាប្រទេសលោកខាងលិច មានបំណងបញ្ចុះបញ្ចូលឥណ្ឌាឱ្យឈរខាងប្រទេសលោកខាងលិច ពាក់ព័ន្ធនឹងសង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។ ក្រសួងការបរទេសអង់គ្លេសបានប្រកាសថា ដំណើរទស្សនកិច្ចរបស់លោកស្រី Liz Truss បានបង្ហាញយ៉ាងច្បាស់ពីកិច្ចសហប្រតិបត្តិការរវាងឥណ្ឌានឹងអង់គ្លេស។
លោកស្រី Liz Truss បានបញ្ជាក់ថា ដំណើរទស្សនកិច្ចទៅកាន់ឥណ្ឌាមានអត្ថន័យយ៉ាងធំធេងក្នុងពេលដែលកំពុងតែផ្ទុះសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។ បណ្តាប្រទេសលោកខាងលិចកំពុងតែអូសទាញឥណ្ឌាឱ្យគាំទ្រលោកខាងលិចដើម្បីដាក់ទណ្ឌកម្មទៅលើរុស្ស៊ី។
ក្នុងថ្ងៃទី៣១ខែមីនា ក្រសួងការបរទេសឥណ្ឌាក៏បានប្រកាសផងដែរថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Lavrov ក៏បានបំពេញទស្សនកិច្ចមកកាន់ប្រទេសឥណ្ឌាផងដែរ ។ ទំនាក់ទំនងរវាងឥណ្ឌានឹងរុស្ស៊ីនៅតែល្អប្រសើរ ហើយឥណ្ឌាកំពុងតែបង្កើនការទិញប្រេងពីប្រទេសរុស្ស៊ី ខណៈដែលប្រទេសលោកខាងលិចបង្កើនការដាក់ទណ្ឌកម្មទៅលើវិស័យប្រេង៕ ដោយ៖ ធីរីណា
រូបថត៖ Reuters