អតីតខ្សែប្រយុទ្ធក្រុមបិសាចក្រុម Manchester United លោក Ruud van Nistelrooy នឹងក្លាយជាអ្នកចាត់ការទូទៅថ្មីរបស់ក្លិប PSV Eindhoven នារដូវក្តៅខាងមុខដែលជាតួនាទីជាអ្នកគ្រប់គ្រងជាន់ខ្ពស់ដំបូងរបស់គាត់។
លោក Van Nistelrooy មានវ័យ៤៥ឆ្នាំនឹងជំនួសកន្លែងលោក Roger Schmidt ដែលនឹងចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះនៅពេលដែលកិច្ចសន្យារបស់គាត់បានបញ្ចប់។ លោក Van Nistelrooy បាននិយាយថា “វាតែងតែជាសុបិនរបស់ខ្ញុំក្នុងការធ្វើជាគ្រូបង្វឹកនៅ PSV” ។
អតីតខ្សែប្រយុទ្ធខាងលើនេះបានស៊ុតបាល់បញ្ចូលទី៦២គ្រាប់ក្នុង៦៧ប្រកួតសម្រាប់ PSV ចន្លោះឆ្នាំ១៩៩៨ និងឆ្នាំ២០០១ មុនពេលជោគជ័យរយៈពេល៥ឆ្នាំនៅ Manchester United ដែលរួមបញ្ចូលពានរង្វាន់ Premier League ។
ខ្សែប្រយុទ្ធសញ្ជាតិហូឡង់ Van Nistelrooy ក៏បានឈ្នះពានរង្វាន់ FA Cup និង League Cup ផងដែរនៅក្នុងពេលរបស់គាត់នៅក្នុងប្រទេសអង់គ្លេស ហើយបន្ទាប់មកបានឈ្នះ La Liga ពីរដងបន្ទាប់ពីការផ្ទេរទៅ Real Madrid ។ គាត់បានចូលនិវត្តន៍ពីការលេងនៅក្នុងឆ្នាំ២០១២ ប៉ុន្តែមានតួនាទីជាជំនួយការអ្នកចាត់ការទូទៅក្រុមជម្រើសជាតិហូឡង់ ហើយក៏ធ្លាប់ទទួលបន្ទុកផ្នែកយុវជន និងក្រុមបម្រុងរបស់ PSV ផងដែរ។
លោក Van Nistelrooy ដែលបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៣ឆ្នាំបានបន្ថែមថា “ខ្ញុំបានធ្វើការយ៉ាងខ្លាំងជាមួយលោក Toon Gerbrands ដែលជាអ្នកគ្រប់គ្រងទូទៅបច្ចុប្បន្នរបស់ PSV ប៉ុន្មានរដូវកាលកន្លងមក។ ខ្ញុំមានជំនឿថាខ្ញុំអាចបន្តអាជីពជាគ្រូបង្វឹកអាជីព ហើយពីដំបូងគិតថា ខ្ញុំត្រូវការមួយឆ្នាំទៀតដើម្បីទទួលបានបទពិសោធន៍ ប៉ុន្តែពេលខ្លះ អ្វីៗដំណើរការទៅតាមដំណើររបស់ពួកគេ ហើយអ្នកដឹងថាជីវិតមិនអាចគ្រប់គ្រងបានទាំងស្រុងនោះទេ។ នេះគឺជាពេលវេលាដ៏ត្រឹមត្រូវដើម្បីឈានទៅជំហានបន្ទាប់។ PSV ត្រៀមខ្លួនជាស្រេចក្នុងការដើរលើផ្លូវថ្មីនៅរដូវក្ដៅនេះ ហើយខ្ញុំត្រៀមខ្លួនជាស្រេចដើម្បីចូលរួម។
លោកបន្តថា “ការពិភាក្សាជាមួយក្រុមប្រឹក្សាភិបាលបានពង្រឹងនូវគំនិតដែលថាយើងមានមហិច្ឆតា និងសម្លឹងរកការបង្កើតនូវអ្វីដែលពិសេសក្នុងរយៈពេលវែង។ ខ្ញុំពិតជារំភើបចំពោះភារកិច្ចនៅក្នុងដៃនៅ PSV។ពួកគេធ្លាប់ជាជើងឯកហូឡង់២៤ដង ប៉ុន្តែមិនមែនចាប់តាំងពីឆ្នាំ២០១៨មកទេ បើទោះបីជាពួកគេមានត្រឹមតែ២ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Ajax ជាមួយនឹងការប្រកួត Eredivisie ចំនួន៧លើក។
PSV ក៏ស្ថិតក្នុងវគ្គ 1/4 ផ្តាច់ព្រ័ត្រនៃ Europa Conference League ដែលពួកគេត្រូវជួបជាមួយក្រុម Leicester City ក្នុងការប្រកួតជើង១នៅកីឡដ្ឋាន King Power នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា មុនពេលជើងទី២នៅកីឡដ្ឋាន Philips ក្នុងទីក្រុង Eindhoven ក្នុងមួយសប្តាហ៍ក្រោយមក ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)