ភ្នំពេញ ៖ យុវជន៤នាក់ខណៈកំពុងអង្គុយលេងនៅលើសួនច្បារស្រាប់តែមានក្មេងទំនេីងប្រុសស្រីជាង៣០នាក់ប្រដាប់ដោយកាំបិតប៉័ងតោមកដេញកាប់ប្រហារ តែពួកជនរងគ្រោះរត់គេចអស់ត្រូវក្រុមក្មេងទំនេីងទាំងនោះងាកទៅកាប់ម៉ូតូខ្ទេចអស់ចំនួន២គ្រឿងហើយពេលភ្លាមៗនោះត្រូវសមត្ថកិច្ចដេញតាមឃាត់បានម្នាក់យកទៅសាកសួរ។
ហេតុការណ៍ដ៏ព្រៃផ្សៃនេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅក្នុងបុរីឈូកវ៉ា២ ស្ថិតក្នុងភូមិតិបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
ម៉ូតូជនរងគ្រោះដែលរងការខូចខាតដោយសារស្នាដៃពួកជនពាលទាំងនោះទី១-ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1IG-6199 និងម៉ូតូមួយគ្រឿងទៀតម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ1CW-7932 ។
បើតាមប្រភពព័ត៌មានពីជនរងគ្រោះទាំង៤នាក់បានឱ្យដឹងថា នៅមុនពេលកើតហេតុពួកគាត់បានអង្គុយលេងនៅលើសួនកម្សាន្តដែលស្ថិតនៅក្នុងបុរីឈូកវ៉ា២ ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ ខណៈពួកគាត់អង្គុយលេងបានមួយសន្ទុះក៏នាំគ្នាឡើងជិះម៉ូតូចេញបានបន្តិច ស្រាប់តែឃើញក្រុមយុវជនទំនើងមានស្រីមានប្រុសជាង៣០នាក់ជិះម៉ូតូជាង១០គ្រឿង ប្រដាប់ដោយកាំបិតបុ័ងតោ បានជិះមកស្ទាក់ម៉ូតូពួកគាត់តែម្តង ហើយបានដេញកាប់ពួកគាត់បណ្តាលឱ្យភ័យរត់ចោលម៉ូតូ។
ប្រភពដដែលបន្តថា ពេលនោះក្រុមយុវជនទំនើងខាងលើក៏បានកាប់ម៉ូតូពួកគាត់ព្រមទាំងកាប់យកស្លាកលេខម៉ូតូថែមទៀត ហើយពួកទាំងនោះបម្រុងរើសយក តែត្រូវបានប្រជាការពារសង្កាត់មកដល់ ទើបពួកជនបង្កនាំគ្នាជិះម៉ូតូរត់គេចខ្លួនយ៉ាងប្រសេចប្រសាចពេញផ្លូវ។ ប៉ុន្តែពេលភ្លាមៗនោះដែរ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ ព្រមទាំងកម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យបានដេញប៉ផាប់ចាប់ពភីងហើយក៏ឃាត់បានបក្សពួកក្រុមយុវជនទំនើងម្នាក់នាំយកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សំរោងក្រោម។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ បន្ទាប់ពីទទួលបណ្តឹងពីជនរងគ្រោះទាំង៤នាក់ហើយ ក៏បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យម្នាក់ក្នុងករណីកាប់បំផ្លាញម៉ូតូជនរងគ្រោះទៅផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធីបន្ត ៕
ដោយ៖សុខាសែនជ័យ