ព័ត៌មានទាន់ហេតុការណ៍៖

ឆេះឃ្លាំងផ្ទុកអេតចាយមួយកន្លែងក្នុងខណ្ឌដង្កោផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះជួយអន្តរាគមន៍ទាំងព្រឹក(មានវីដេអូ)

ចែករំលែក៖

     ភ្នំពេញ ៖ អគ្គិភ័យមួយបានឆេះឃ្លាំងផ្ទុកអេតចាយមួយកន្លែងធ្វើឱ្យផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់កាលពីវេលាម៉ោង​៩ និង១០នាទីព្រឹក ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៧ ចំណុចឃ្លាំងអេតចាយ ក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

     យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ ឡេង លឹមអៀង ភេទប្រុស អាយុ៤២ឆាំ្ន មុខរបរម្ចាស់ឃ្លាំងអេតចាយ។ ចំពោះមូលហេតុ ដំបូងឆ្លងចរន្តអគ្គិសនីបណ្ដាលឱ្យឆាបឆេះសំណង់ថ្មប្រក់ស័ង្កសី ទំហំ២០ម៉ែត្រគុណ ៥០ម៉ែត្រ។

    សមត្ថកិច្ចជំនាញបានឱ្យដឹងថា ក្នុងករណីគ្រោះអគ្គិភ័យនេះបណ្ដាលឱ្យឆេះខូចខាតសម្ភារមានក្រដាសប្រហែល៣០% តែពុំបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ ហើយសំណាងល្អដែរដែលក្នុងករណីគ្រោះអគ្គិភ័យនេះមិនបណ្ដាលឱ្យមានមនុស្សរងរបួស។

      សូមបញ្ជាក់ថា ក្នុងប្រតិបត្តិការជួយសង្គ្រោះនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តជំនួយអន្តរាគមន៍ពីក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់៣ឡានសើ្មនឹង ១២ម៉ែត្រគូប, រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡានសើ្មនឹង១៨ម៉ែត្រគូប, រថយន្តសួនឧស្សាហកម្មកាណាឌីយ៉ាចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់៣ឡានសើ្មនឹង ១២ម៉ែត្រគូប ដោយប្រើប្រាសរយៈពេល៣០នាទីដើម្បីធ្វើការបានបាញ់ទឹកពន្លត់ឱ្យរលត់ទៅវិញជាស្ថាពរ៕

ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖