ខេត្តបាត់ដំបង ៖ តាម page facebook មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានអោយដឹងថា រមណីយដ្ឋានភ្នំប្រាំពីរ ជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានប្រជាប្រិយភាពមួយ មានស្ថិតនៅឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដើម្បីទៅដល់រមណីយដ្ឋានភ្នំប្រាំពីរ គេត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៥៧បេ បើធ្វើដំណើរតាមរថយន្ត គេត្រូវចំណាយពេលប្រមាណ ១ម៉ោង និង៤៥នាទី ពីក្រុងបាត់ដំបង។
រមណីយដ្ឋាននេះ ត្រូវបានតភ្ជាប់គ្នាដោយភ្នំចំនួន៧ ហើយមានទេសភាពដ៏ល្អប្រណីត ហើយនៅរមណីយដ្ឋានភ្នំប្រាំពីរនេះ មានល្អាងធំៗចំនួន៣៖ ល្អាង១០០, ល្អាងខ្យល់ និងល្អាងល្អាងឥសី។
ចំពោះផ្នែកជីវ:ចម្រុះវិញ ភ្នំប្រាំពីរ ជាជម្រកនៃសត្វទោច (ពណ៌ខ្មៅ) ស្វា ពពែភ្នំ ឈ្លូស កាំប្រម៉ា ពស់ថ្លាន់ ពស់វែករនាម កំប្រុក ប្រចៀវ សារិកាកែវជាដើម។ ដើមឈើរួមមាន បេង ធ្នង់ ព្រះព្នៅ ខ្វាវ ស្ពង់ រកា សុក្រំ ច័ន្ទឆ្នូត ប្រទាល ជ្រៃ ឆ្កែស្រែង ជាដើម នៅល្អច្រើន។
នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២០ អនុក្រឹតមួយត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាល ដោយដាក់រមណីយដ្ឋានភ្នំប្រាំពីរ ជាតំបន់បេតិកភណ្ឌធម្មជាតិ ដែលមានផ្ទៃដី ៣៥៣ហិកតា និង៩អា (៣៥៣,៩ហិចតា) ដោយមានគោលបំណងផ្តល់សេវាកម្មធម្មជាតិ និងវប្បធម៌សម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព និងលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារនិងការអភិរក្សជីវៈចម្រុះ ធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌ក្នុងតំបន់៕
ដោយ៖ សូរិយា