ភ្នំពេញ ៖ នៅទីស្តីការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានពិធីចុះហត្ថលេខាលេីអនុស្សរណៈយោគយល់គ្នាស្តីពីជំនួយឥតសំណងរបស់ឥណ្ឌាសម្រាប់ការអនុវត្តគម្រោងទទួលផលរហ័ស (QIP) ក្នុងការពង្រឹងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅខេត្តកំពត ប្រទេសកម្ពុជា ។
ដើម្បីប្រែក្លាយកម្ពុជាទៅជាសេដ្ឋកិច្ចតម្រង់ទិសឧស្សាហកម្ម និងសម្រេចបាននូវចក្ខុវិស័យរបស់ រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ឆ្នាំ២០៣០និង២០៥០ ដែលការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យ STEM ( Science Technology Engineering Mathematicians)កាន់តែមានតម្រូវការយ៉ាងខ្លាំងនោះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា ក្នុងកិច្ចទំនាក់ទំនងដ៏ល្អកន្លងមកផ្នែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ មេគង្គ-គង្គា នៅរសៀលថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួង មាមានរៀបចំពិធីចុះហត្ថលេខារវាង លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយលោលោកស្រីបណ្ឌិត Davyani Khobragade ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា ស្តីពីជំនួយឥតសំណងរបស់ឥណ្ឌាសម្រាប់ការអនុវត្តគម្រោងទទួលផលរហ័ស ក្នុងការពង្រឹងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងខេត្តកំពត ប្រទេសកម្ពុជា។
យោងតាមកិច្ចព្រមព្រៀងប្រទេសឥណ្ឌា នឹងផ្តល់ជំនួយឥតសំណងក្នុងទឹកប្រាក់ចំនួន៥មុឺនដុល្លារស.រ.អា ដេីម្បីជម្រុញលេីកកំពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (STI)និងមុខវិជ្ជា STEM សម្រាប់សិស្សានុសិស្សនៅខេត្តកំពត តាមរយៈការបង្កេីតឲ្យមានវិធានណែនាំអំពីការអប់រំ STI-STEM នៅក្នុងចំណោមគ្រូបង្រៀន និងលើកកម្ពស់ការអប់រំវិស័យ STEM ដល់សិស្សានុសិស្ស ។ ចំពោះលទ្ធផលនៃគម្រោងគឺ៖ទី1) បេីកវគ្គបណ្តុះបណ្តាលចំនួន ១០ស្តីពី “ការណែនាំការអប់រំលេីវិស័យSTEM /គរុកោសល្យ ដល់លោកគ្រូ អ្នកគ្រូសម្រាប់វិទ្យាល័យ សាធារណៈចំនួន ៥ ក្នុងខេត្តកំពត ទី2) ក្លឹប STEM របស់សិស្សចំនួន 10 ត្រូវបានបង្កើតឡើង 3) យុទ្ធនាការលើកកម្ពស់ការអប់រំ STEM ដដល់ភាគីពាក់ព័ន្ធ។
លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ និងលោកស្រីបណ្ឌិត Davyani Khobragade ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានបង្ហាញនូវទឹកចិត្តរីករាយ និងចាត់ទុកអនុស្សរណៈយោគយល់គ្នានេះ ពិតជាមានសារ:សំខាន់ និងជាការចាប់ផ្តេីមមួយដ៏ល្អ សម្រាប់ជាមូលដ្ឋានលេីកកំពស់វិស័យSTI-STEM ដល់សិស្សានុសិស្ស ដេីម្បីឲ្យស្របនឹងបរិបទរីកចម្រេីននៃចរន្តពិភពលោកផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក៏ដូចជាបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤.០ និងសេដ្ឋកិច្ចបែបឌីជីថលជាដេីម ៕
ដោយ ៖ សិលា