ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រី​ក្រសួង​ចំនួន​បី​ ដឹកនាំប្រជុំពិក្សាការបញ្ចូលសកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍នៅក្នុងសហគមន៍ដែលមានសក្តានុពល ពិតជាបានផ្តល់ប្រយោជន៍ជាច្រើនដល់មូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖ បេីយោង​តាមប្រភពព័ត៍មានពី​ក្រសួង​ទេសចរណ៍​ បានឱ្យដឹង​នៅព្រឹកថ្ងៃ​សុក្រ​ទី​០១​ ខែមេសា​ ឆ្នាំ​២០២២នេះ​ថា៖​ ការបញ្ចូលសកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍នៅក្នុងសហគមន៍ដែលមានសក្តានុពល បានផ្តល់ប្រយោជន៍ជាច្រើនដល់មូលដ្ឋាន ដូចជាការបង្កើតការងារ ប្រាក់ចំណូល កាត់បន្ថយចំណាកស្រុក និងការអភិវឌ្ឍដោយផ្ទាល់, នេះបើតាមការអះអាងរបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (គ.ជ.អ.អ.)។

ការអះអាងនេះធ្វើឡើងក្នុងកិច្ចប្រជុំលើកទី១របស់ គ.ជ.អ.អ. នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងទេសចរណ៍ និងតាមប្រព័ន្ធ Zoom ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធាន គ.ជ.អ.អ. ,លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.អ.អ. និងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធាន គ.ជ.អ.អ.។

ថ្នាក់ដឹកនាំនៃគណៈកម្មាធិការជាតិ គ.ជ.អ.អ. សុទ្ធតែបានមើលឃើញថា ការបញ្ចូលសកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍នៅក្នុងសហគមន៍ដែលមានសក្តានុពល បានផ្តល់ប្រយោជន៍ជាច្រើន ដូចជាការបង្កើតការងារ ប្រាក់ចំណូល និងការអភិវឌ្ឍនៅតាមមូលដ្ឋានផ្ទាល់ មិនថាសហគមន៍នោះស្ថិតក្រោមក្រសួងណាឡើយ។

រដ្ឋមន្ត្រី ថោង ខុន ប្រធាន គ.ជ.អ.អ. បានលើកឡើងថា ប្រជាពលរដ្ឋ និងទេសចរបរទេសផ្ទៃក្នុងកាន់តែច្រើនបាននាំគ្នាដើរកម្សាន្តទៅកាន់តំបន់អេកូទេសចរណ៍ សហគមន៍ទេសចរណ៍ និងតំបន់ទេសចរណ៍ផ្សងព្រេងនានា ដែលបានបង្កើតប្រាក់ចំណូលដោយផ្ទាល់ជូនប្រជាសហគមន៍ និងកំពុងធ្វើឲ្យវិស័យអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍មានភាពធន់នឹងវិបត្តិ រួមចំណែកទ្រទ្រង់ដល់វិស័យទេសចរណ៍ជារួម ។

រដ្ឋមន្ត្រី ថោង ខុន បានរំលេចបន្ថែមថា តំបន់អេកូទេសចរណ៍សំខាន់ៗ ដូចជាតំបន់ខ្នងផ្សារ ភ្នំឱរ៉ាល់ គិរីរម្យ ជីផាត អារ៉ែង ពាមក្រសោប ស្រែអំបិល វាលធំ សំឡូត ភ្នំត្បែង សមុទ្រឈើ តំបន់រ៉ាមសារ បឹងទន្លេសាប ភ្នំគូលែន និងតំបន់អេកូទេសចរណ៍ផ្សេងទៀតជាច្រើន សុទ្ធតែទទួលបានកំណើនភ្ញៀវទេសចរផ្ទៃក្នុងគួរឱ្យកត់សម្គាល់ក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ កន្លងមក។

រដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា កម្ពុជាត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិលើការងារសហគមន៍ និងអេកូទេសចរណ៍ តាមរយៈការអនុវត្តគំរូអភិវឌ្ឍសហគមន៍ទេសចរណ៍ ក្រោមទម្រង់ភាពជាដៃគូ-រដ្ឋ-ឯកជន-ប្រជាជន (4Ps) ដោយលើកទឹកចិត្តការវិនិយោគខ្នាតតូច មធ្យម និងធំទាំងឡាយណាដែលតម្រូវឲ្យមានការចូលរួមពីប្រជាជនមូលដ្ឋាន ផ្តល់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋសហគមន៍ (Local Empowerment) ផ្តល់ប្រយោជន៍អតិបរមាដល់មូលដ្ឋាន និងគោរពតាមគោលការណ៍ចីរភាព និងទទួលខុសត្រូវ ស្របតាមទស្សនាទាន «ការអភិរក្សបម្រើដល់ការអភិវឌ្ឍ ការអភិវឌ្ឍបម្រើដល់ការអភិរក្ស» និងស្របតាមគោលការណ៍នៃការបែងចែកផលប្រយោជន៍ប្រកបដោយសមធម៌ (Equitable Profit-Sharing Model)។

នាឱកាស​នោះ​ដែរ​ លោក​ វេង​ សាខុន​ រដ្ឋមន្ត្រីកសិកម្ម​ ក៏បានបង្ហាញនូវការរីករាយដែលសហគមន៍កសិកម្ម សហគមន៍ជលផល សហគមន៍នេសាទ សហគមន៍ការពារព្រៃឈើដែលស្ថិតក្រោមក្រសួងកសិកម្ម បានដាក់បញ្ចូលសកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍ ហើយក្រសួងកសិកម្មផ្ទាល់ ក៏ដូចជាអង្គភាពចំណុះក្រោមក្រសួងកសិកម្ម ក៏បានចូលរួមយ៉ាងសកម្មក្នុងការជួយរៀបចំ គាំទ្រ និងសហការជាមួយប្រជាសហគមន៍ផងដែរ។

ជាមួយគ្នានេះ​រដ្ឋមន្ត្រីបរិស្ថាន​ សាយ សំអាល ក៏បានលើកឡើងដែរថា ការបញ្ចូលសកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍នៅក្នុងសហគមន៍ដែលមានសក្តានុពល មិនត្រឹមតែជួយអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋានប៉ុណ្ណោះទេ តែក៏បានជួយដល់កិច្ចការអភិរក្សការពារធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌រូបី និងអរូបីយផងដែរ។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ បានគាំទ្រទស្សនាទាន «ទេសចរណ៍ផ្សារភ្ជាប់ជាមួយទឹកដី» ដែលលោករដ្ឋមន្ត្រី ថោង ខុន តែងតែបានជំរុញយ៉ាងសកម្ម ដោយរំលឹកនូវពាក្យស្លោកមួយខ្លីថា «ស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដី» ព្រោះនេះជាអ្វីដែលយុវជនកម្ពុជាគ្រប់គ្នាគួរតែចូលរួមស្គាល់ទឹកដីរបស់ខ្លួនឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។

សម្រាប់ទិសដៅការងារបន្តរបស់គណៈកម្មាធិការជាតិ គ.ជ.អ.អ. អង្គប្រជុំបានឯកភាពដាក់ចុះនូវផែនការសកម្មភាពចម្បងមួយចំនួន រួមមាន៖

* លេខាធិការដ្ឋានត្រូវបន្តខិតខំអនុវត្ដនូវផែនការដែលបានដាក់ចេញក្នុងគោលនយោបាយជាតិអេកូទេសចរណ៍ (២០១៩-២០៣០) ផែនការសកម្មភាពប្រចាំឆ្នាំរបស់លេខាធិការដ្ឋាន និងផែនការការងារផ្សេងៗ ដែលបានដាក់ចេញដោយថ្នាក់ដឹកនាំ (គ.ជ.អ.អ.)។

* គាំទ្រគំនិតផ្តួចផ្តើមបង្កើតបណ្តាញយុវជនអេកូទេសចរណ៍ ដែលអាចជ្រកក្រោមយន្តការសហភាពសហព័ន្ធយុវជនកម្ពុជា ឬក្រោមទម្រង់សមស្របណាមួយ។

* បន្តកិច្ចសហការជាមួយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ពិសេសការអនុវត្តគម្រោងដែលមានឥទ្ធិពលលឿន (Quick Impact Project-QIP) នៅតំបន់សត្វស្លាបបឹងស្នេហ៍ក្នុងខេត្តព្រៃវែង និងតំបន់អេកូទេសចរណ៍ផាត់សណ្តាយក្នុងខេត្តកំពង់ធំ រួមជាមួយការរៀបចំ Mobile App សម្រាប់សហគមន៍ផងដែរ។

* ឯកភាពគាំទ្រគំនិតផ្តួចផ្តើមក្នុងការបង្កើតបណ្តាញអេកូទេសចរណ៍បឹងទន្លេសាប (Tonlesap Ecotourism Network-TEN)។

* ខិតខំត្រៀមរៀបចំវេទិកាអេកូទេសចរណ៍នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឲ្យបានល្អ។

* ខិតខំសិក្សា និងកំណត់តំបន់ និងគោលដៅអេកូទេសចរណ៍ឲ្យបានរហ័ស ដើម្បីងាយស្រួលក្នុងការអភិវឌ្ឍរូបមន្ត 4Ps ( រដ្ឋ-ដៃគូអភិវឌ្ឍន៍- ឯកជន- ប្រជាពលរដ្ឋ)។

* គ.ជ.អ.អ. ថ្នាក់រាជធានី-ខេត្ត ត្រូវខិតខំសិក្សាស្រាវជ្រាវកំណត់តំបន់ដែលនៅសង្ស័យថានៅមានគ្រាប់មីន ឬគ្រាន់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីរាយការណ៍មក មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (តាមរយៈលេខាធិការដ្ឋាន) ដើម្បីបោសសម្អាតគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

* បន្តកិច្ចសហការជាមួយសហគ្រិនខ្មែរ (Khmer Enterprise) ក្នុងការជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ទាំង៥ ក្នុងខេត្តចំនួន៤ ដូចដែលបានកំណត់ក្នុងអនុស្សារណៈយោគយល់។

* បន្តរៀបចំកម្មវិធីប្រលងប្រណាំងវីដេអូអំពីសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ក្រោមប្រធានបទ «កំណប់សហគមន៍ ជំរំទេសចរណ៍» រដូវកាលទី៤ ឆ្នាំ២០២២ ដែលពិធីចែកជ័យលាភីគ្រោងនឹងរៀបចំនាឱកាសវេទិកាជាតិអេកូទេសចរណ៍លើកទី៣។

* លេខាធិការដ្ឋានត្រូវរៀបចំបែបទទទួលស្គាល់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ទៅតាមសំណើរបស់ គ.ជ.អ.អ. ថ្នាក់រាជធានី-ខេត្ត។

* ជំរុញការដោះស្រាយតាមសំណើរបស់មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជាក្នុងការកំណត់ទីតាំងអាទិភាពក្នុងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដើម្បីបោសសម្អាតគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

* រៀបចំឱ្យមានទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ និងសមាជិក គ.ជ.អ.អ. ដើម្បីក្ដាប់ពីតម្រូវការ និងសំណូមពររបស់ប្រជាសហគមន៍ជាក់ស្ដែង។

* បន្តការខិតខំស្រាវជ្រាវ និងជំរុញការអភិវឌ្ឍសកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍នៅតាមសហគមន៍ដែលមានសក្តានុពល តាមរយៈការរៀបចំដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ គ.ជ.អ.អ. ទៅកាន់តំបន់ទាំងនោះ ដើម្បីលើកទឹកចិត្ត និងដោះស្រាយបញ្ហាប្រឈមនានា ការរៀបចំវគ្គបណ្ដុះបណ្តាល ការផ្សព្វផ្សាយ និងការពង្រឹងសមត្ថភាពសមាជិកសហគមន៍ជាដើម៕

ដោយ​៖ស​ តារា​


ចែករំលែក៖