ព័ត៌មានទាន់ហេតុការណ៍៖

លោក Ancelotti ធ្វើតេស្តវិជ្ជមាន COVID-19 តែអាចបង្ហាញមុខពេល Real Madrid ប៉ះ Chelsea ជើងទី១

ចែករំលែក៖

លោក Carlo Ancelotti បានធ្វើតេស្តវិជ្ជមាន COVID-19 ដែលក្រុមReal Madrid បានប្រកាសកាលពីថ្ងៃទី៣១ មីនាដោយបុរសសញ្ជាតិអុីតាលីរូបនេះទំនងជានឹងខកខានការប្រកួត La Liga របស់ក្រុមរបស់គាត់ជាមួយ Celta Vigo នៅថ្ងៃសៅរ៍ និងអាចបង្ហាញមុខទាន់ពេលវេលាពេលប្រកួតជាមួយក្រុមម្ចាស់ផ្ទះ Chelsea ក្នុងពានរង្វាន់ Champions League

រោគសញ្ញារបស់បុរសវ័យ៦២ឆ្នាំរូបនេះគឺជារោគសញ្ញាស្រាល ដែលប្រភពពី Real Madrid បានបញ្ជាក់ដោយក្លិបជឿជាក់ថា លោក Ancelottiនឹងអាចត្រឡប់មកវិញទាន់ពេលសម្រាប់ការប្រកួតជើងទីវគ្គ 1/4 ផ្តាច់ព្រ័ត្រ Champions League នៅសប្តាហ៍ក្រោយទល់នឹង Chelsea នៅ Stamford Bridge

លោក Ancelotti នឹងត្រឡប់មកវិញភ្លាមៗនៅពេលដែលគាត់ឈប់បង្ហាញរោគសញ្ញា។ គាត់កំពុងនៅដាច់ដោយឡែកពីគេនៅផ្ទះកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងបន្ថែមទៀតនៅក្នុងក្លិប បើទោះបីជាពិធីការនៅក្នុងប្រទេសអេស្ប៉ាញលែងតម្រូវឱ្យមនុស្សដែលធ្វើតេស្តវិជ្ជមានឱ្យនៅដាច់ដោយឡែកពីគេទៀតហើយក៏ដោយ

លោក Ancelotti ទំនងជានឹងខកខានការប្រកួតលីគចុងសប្តាហ៍នេះជាមួយនឹងក្រុម Celta Vigo ដោយកូនប្រុសរបស់គាត់ និងជំនួយការលោក Davide ត្រៀមខ្លួនរួចជាស្រេចក្នុងការដឹកនាំបណ្តោះអាសន្ន

ការធ្វើដំណើររបស់ Real Madrid ទៅកាន់ទឹកដី Celta Vigo មានសារៈសំខាន់បន្ថែមទៀតនៅមុនការប្រកួតដ៏លំបាកជាមួយនឹងក្រុម Chelsea បន្ទាប់ពី Real Madrid បានចាញ់ Barcelona យ៉ាងចាស់ដៃ៤ទល់០ មុនពេលសម្រាកអន្តរជាតិកន្លងទៅ ។

អ្វីផ្សេងទៀតក្រៅពីការឈ្នះនឹងផ្តល់ក្តីសង្ឃឹមថ្មីដល់ក្រុម Sevilla និង Barcelona ក្នុងការប្រជែងដណ្តើមជើងឯកលីគកំពូលអេស្ប៉ាញ បើទោះបីជា Real Madrid មានពិន្ទុនាំមុខនៅលើកំពូលតារាងក៏ដោយ

ដោយ៖ ភារៈ(រូបភាព ៖ CAN/AFP)


ចែករំលែក៖