ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្តីប្រកាសព័ត៌មានជាសាធារណៈ ស្តីពីជោគជ័យនៃប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនឧក្រិដ្ឋជនបរទេសពីរនាក់ ដែលបានប្រព្រឹត្តបទឧក្រិដ្ឋបាញ់ប្រហារយ៉ាងសាហាវនៅក្នុងប្រទេសវៀតណាម រួចរត់ភៀសខ្លួនចូលមកលាក់ខ្លួនក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
ផ្អែកតាមរបាយការណ៍ផ្លូវការ ករណីបាញ់ប្រហារនេះបានកើតឡើងកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ លើជនជាតិអូស្ត្រាលីចំនួន ២នាក់ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដែលបានបណ្តាលឱ្យជនរងគ្រោះម្នាក់បាត់បង់ជីវិតភ្លាមៗ និងម្នាក់ទៀតរងរបួសជាទម្ងន់។
ក្រោយកើតហេតុ អាជ្ញាធរមានសមត្ថកិច្ចវៀតណាមបានបើកការស្រាវជ្រាវយ៉ាងក្តៅគគុក រហូតរកឃើញថា ក្រុមខ្មាន់កាំភ្លើងបានលួចរត់ភៀសខ្លួនចូលមកក្នុងប្រទេសកម្ពុជា។ ភាគីវៀតណាមក៏បានស្នើសុំកិច្ចសហប្រតិបត្តិការជាបន្ទាន់មកកាន់នគរបាលជាតិកម្ពុជា ដើម្បីដេញប្រមាញ់ជនល្មើស។
តាមរយៈការផ្លាស់ប្តូរព័ត៌មានជំនាញ និងកិច្ចសហការយ៉ាងស្អិតរមួត នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការចុះឡោមព័ទ្ធ និងឃាត់ខ្លួនជនសង្ស័យជនជាតិសាម៉ូអាចំនួន ២នាក់ រួមមាន៖ ១. ឈ្មោះ VAA VAA ភេទប្រុស អាយុ ២៧ឆ្នាំ និង ២. ឈ្មោះ TAFIA STEVE ភេទប្រុស អាយុ ២៣ឆ្នាំ។
ក្រុមជនសង្ស័យត្រូវបានចាប់ខ្លួននៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ភ្លាមៗបន្ទាប់ពីការឃាត់ខ្លួន នគរបាលជាតិកម្ពុជាបានរៀបចំប្រគល់ជនសង្ស័យទាំងពីរនាក់ ជូនទៅឱ្យភាគីវៀតណាមវិញរួចរាល់ហើយ ដើម្បីបន្តអនុវត្តនីតិវិធីច្បាប់។
អគ្គស្នងការដ្ឋាននគរបាលជាតិបានគូសបញ្ជាក់ថា លទ្ធផលនៃប្រតិបត្តិការដ៏ជោគជ័យនេះ គឺស្តែងឱ្យឃើញពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពរវាងនគរបាលនៃប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) ក្នុងការប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋឆ្លងដែន សំដៅរួមគ្នាថែរក្សាសន្តិសុខ សុវត្ថិភាព និងភាពសុខសាន្តជូនពលរដ្ឋ ក៏ដូចជាក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ។
ជាមួយគ្នានេះ អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ក៏បានបន្តអះអាងពីគោលការណ៍ និងឆន្ទៈដ៏មោះមុតក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីប្រឆាំងឧក្រិដ្ឋកម្មគ្រប់ប្រភេទ និងរក្សាស្ថិរភាពនៅក្នុងសហគមន៍អន្តរជាតិឱ្យបានគង់វង្ស៕ជ្រោយពេជ្រ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច