ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខេត្តពោធិ៍សាត់បន្តប្រមូលកាកសំណល់ដោយជីកទាំងឫសបទល្មើសនេសាទ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ដឹកនាំមន្ត្រីក្រោមឱវាទ ចុះសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកក្រគរ និងខេត្ត ស្រាវជ្រាវ និងរុករកឧបករណ៍ល្មើសច្បាប់ស្តីពីជលផល អួនអូសទឹកសាប(ឆក់ត្រជាក់ ក្ដៅ)ឈិបយន្ត និងបង្គោលឈើដែលជាឫសគល់បទល្មើសទេសាទ ។

 ប្រតិបត្តិការសមត្ថកិច្ចសហការគ្នាស្រាវជ្រាវ និងដកហូតឧបករណ៍ល្មើសច្បាប់ជលផលខាងលើ ធ្វើឡើងនៅថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ នៅលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតនៅភូមិទី៣ និងភូមិទី៥ ឃុំកំពុងលួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

 លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផល បានឲ្យដឹងថា លទ្ធផល កម្លាំងអនុវត្តបានរួមមាន សាច់អួនក្រឡាក្រោម១,៥cm និងអួនអូសទឹកសាប ដែលជនសង្ស័យយកទៅប្លុងចោលក្នុងទឹក សាច់អួនក្រឡាក្រោម១,៥cm ទំហំ៦៥០ម៉ែត្រ គុណនឹង៤ម៉ែត្រ គុណនឹង០,០១ម៉ែត្រ ចំនួន១វង់ និងទូកសំប៉ានផ្ទុកសាច់អួនចំនួន១គ្រឿង អួនអូសទឹកសាប ទំហំ៣០ម៉ែត្រ គុណនឹង២៥ម៉ែត្រ គូណនឹង០,០៣ម៉ែត្រ -០,០១៥ម៉ែត្រ ចំនួន២វង់ បង្គោលឈើចំនួន៨៦០ដើម ចំពោះវត្ថុតាងទាំងអស់ដែលបានដកហូត យកទៅរក្សាទុកនៅស្នាក់ការរដ្ឋបាលជលផលកំពង់លួង ដើម្បីបំផ្លិចបំផ្លាញតាមនីតិវិធី ។

 លោក នាយខណ្ឌ បន្តទៀតថា ចំណែកបង្គោលឈើរៀបចំបោះជ្រុំ នៅកន្លែងអភិរក្សជលផល ជាបន្តក្រុមការងារស្រាវជ្រាវរុករកឧបករណ៍ល្មើសច្បាប់ អួនអូសទឹកសាប(ឆក់ត្រជាក់ ក្ដៅ)ឈិបយន្ត….ឲ្យដូចភ្លៀងរលឹម ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖