ខេត្តស្វាយរៀង៖ ដើម្បីអបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលខាងមុខ ពោលចាប់ពីថ្ងៃទី១៤ ១៥និង១៦ ខែមេសា ឆ្នាំ២០២២ ក្នុងគោលបំណងផ្សារភ្ជាប់ និងបង្កើនទំនាក់ទំនងមិត្តភាពរបស់ប្អូនៗ ក្នុងវិទ្យាល័យស្វាយរៀង។
ក្នុងកម្មវិធីនេះប្រព្រឹត្តទៅនៅថ្ងៃទី៦ខែមេសាឆ្នាំ២០២២ក៏មានការចូលរួមពីសំណាក់លោក សុខ រស់ អភិបាលរងខេត្ត លោកថោងសាមាន ប្រធានមន្ទីរផែនការខេត្ត លោក ឈឹម បុរស អនុប្រធានមន្ទីរអភិវឌ្ឃន៏ជនបទខេត្ត លោក យស់ ពៅ នាយកវិទ្យាល័យលោក សោម សុធា អគ្គនាយកក្រុមហ៊ុនភូមិមរតក នាយករងនិងអស់លោកលោកស្រីលោកគ្រូអ្នកគ្រូសិស្សានុសិស្សយ៉ាងច្រើនកុះករផងដែរ។
លោក យស់ ពៅ នាយកវិទ្យាល័យ បានឱ្យដឹងថាវិទ្យាល័យស្វាយរៀងតែងតែចូលរួមគាំទ្រកម្មវិធីនានារបស់សង្គម ជាពិសេសផ្តោតយ៉ាងសំខាន់លើយុវជន ជួយបំផុសបំផុលស្មារតី ឲ្យពួកគេជៀសឆ្ងាយពីគ្រឿងញៀន ដោយនាំយកកម្មវិធីថ្មីៗជាច្រើន។
លោកនាយក បន្តថា កម្មវិធី «សង្ក្រាន្តវិទ្យាល័យស្វាយរៀង» នេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ ដូចខាងក្រោម៖
-ផ្សព្វផ្សាយពីទម្រង់សិល្បៈរបាំ, ឧបករណ៍ប្រជាប្រិយ និងចង្វាក់ប្រពៃណីរបស់ខ្មែរ។
-ផ្តល់ឱកាសដល់សិស្សវិទ្យាល័យផ្សេងៗ ចូលរួមជាមួយកម្មវិធី ហើយយល់ពីតម្លៃ មិត្តភាពសាមគ្គីភាព និងការស្រលាញ់ រាប់អានគ្នា អធ្យាស្រ័យគ្នា ដោយគោរពតាមទម្រង់ នៃសិល្បៈវប្បធម៌ ប្រពៃណីខ្មែរ ក្រោមស្មារតីខ្មែរតែមួយ។
-លុបបំបាត់សិល្បៈបែកស្លុយ និងសាបព្រោះនូវទម្រង់សិល្បៈ បែបប្រជាប្រិយ ប្រពៃណីខ្មែរ។
-ផ្សារភ្ជាប់ និងលើកទឹកចិត្តប្អូនៗ វិទ្យាល័យនានា តាមរយៈការចូលរួមកម្មវិធី ក្នុងបរិវេណវិទ្យាល័យខាងលើ ដោយមិនប្រកាន់ទស្សនៈវិទ្យាល័យនិយម។
សូមបញ្ជាក់ថា សង្ក្រាន្តវិទ្យាល័យស្វាយរៀង ធ្វើឡើង ដើម្បីសាបព្រោះនៅទម្រង់សិល្បៈខ្មែរ ពិសេសនាឱកាសបុណ្យចូលឆ្នាំថ្មីនាពេលខាងមុខផងដែរ ៕
ដោយ៖ យឹម សុថាន