ខេត្តកំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២២ តំណាងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះទៅសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានការពារកោះឆ្នេរ ស្ថិតនៅក្នុងឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ, កងវរសេនាតូចលេខ ១ (ថ្មធំ) កងវរសេនាតូចលេខ ២ (អានសេះ) ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ និងកងវរសេនាតូចលេខ ០១ និងលេខ ០២ ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ ឈរជើងតាមបន្ទាត់ព្រំដែនដែនទិសប្រាសាទតាក្របី ដែលជាសម្ព័ន្ធមេត្រីភាពរបស់ក្រសួងធនធានទឹក និងឧតុនិយម ។សូមបញ្ជាក់ថា, ក្នុងនាមជាសម្ព័ន្ធមេត្រីភាព តាមរយៈតំណាងររបស់លោករដ្ឋមន្ត្រី ក៏បានផ្តាំសួរសុខទុក្ខបងប្អូនកងទ័ព និងប្តេជ្ញានៅតែបន្តការជួយឧបត្ថម្ភគាំទ្រដល់បញ្ជាការដ្ឋាន ទាំងស្មារតី សម្ភារៈ និងថវិកា ដើម្បីជួយលើកកម្ពស់នូវជីវភាពរបស់កងទ័ព គ្រួសារកងទ័ព និងការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅក្នុងបញ្ជាការដ្ឋាន ក្នុងន័យសំដែងនូវការដឹងគុណចំពោះបងប្អូនកងទ័ពទាំងអស់ ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីការពារសុខសន្តិភាព សេចក្តីសុខក្សេមក្សាន្ត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាជាតិមាតុភូមិ ដោយពុំខ្លាចការនឿយហត់ និងបានអរគុណសន្តិភាព-អរគុណនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ។
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ លោករដ្ឋមន្រ្តី ក៏បានឧបត្ថម្ភដល់បញ្ជាការដ្ឋាន និងបណ្តាកងវរសេនាតូច ដែលជាសម្ព័ន្ធមេត្រីភាពរបស់ក្រសួងធនធានទឹក និងឧតុនិយម ដោយនាយទាហាន នាយទាហានរង និងពលទាហាន ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០ ម៉ឺនរៀល ក្នុងនោះរួមមាន ៖
១- បញ្ជាការដ្ឋានការពារកោះឆ្នេរ ចំនួន ១.៣៩២ នាក់
២- កងវរសេនាតូចលេខ ១ (ថ្មធំ) ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ចំនួន ១២២ នាក់
៣- កងវរសេនាតូចលេខ ២ (អានសេះ) ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ចំនួន ១៩១ នាក់
៤- កងវរសេនាតូចលេខ ០១ និងលេខ ០២ ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ ឈរជើងតាមបន្ទាត់ព្រំដែនដែនទិសប្រាសាទតាក្របី ចំនួន ២៧០ នាក់ ៕
ដោយ៖ សុខ ខេមរា