ការរក្សាតំណែងជើងឯករបស់ក្រុមតោខៀវ Chelsea នៅក្របខ័ណ្ឌ Champions League រដូវកាលនេះហាក់មិនសូវសង្ឃឹម បន្ទាប់ពីខ្សែប្រយុទ្ធ Karim Benzema បានស៊ុតបញ្ចូលទី៣គ្រាប់ម្នាក់ឯងជួយឱ្យក្រុម Real Madrid យកឈ្នះ Chelsea ក្នុងលទ្ធផល៣ទល់១ក្នុងការប្រកួតជើងទី១ វគ្គ១/៤ផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Stamford Bridge កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែមេសានេះ។
គ្រូបង្វឹកក្រុម Real Madrid លោក Carlo Ancelotti បានធ្វើការវិលត្រឡប់មកកាន់ក្លិបដែលគាត់បានឈ្នះពានរង្វាន់ Premier League និង FA Cup ពីរដងបន្ទាប់ពីខ្សែប្រយុទ្ធសញ្ជាតិបារាំងជើងចាស់ Benzemaរកបានគ្រាប់បាល់ដ៏គួរឲ្យស្ងើចសរសើរក្នុងតង់ទី១។
Benzema វ័យ៣៤ឆ្នាំបានស៊ុតបាល់៣គ្រាប់ដែលទម្លាក់ក្រុម Paris St-Germain ក្នុងវគ្គ១៦ក្រុមចុងក្រោយ និងបានស៊ុត៣គ្រាប់ទៀតពេលប៉ះ Chelsea ក្នុងជើងទី១។ គ្រាប់ទី១រកបាននៅនាទីទី២១ និងគ្រាប់ទី២រកបានដោយនៅនាទីទី២៤។ ចំណែកកីឡាករ Kai Havertzបានផ្តល់ឱ្យក្រុម Chelsea នូវក្តីសង្ឃឹមមុនពេលសម្រាកក្នុងតង់ទី១ ដោយការរកបាន១គ្រាប់តាមពីក្រោយនៅនាទីទី៤០។ ប៉ុន្តែការបញ្ចូលបាល់មិនបានល្អរបស់អ្នកចាំទី Edouard Mendy ត្រូវបាន Benzema ឆក់យកបាល់បានស៊ុតបញ្ចូលទីជាគ្រាប់ទី៣ នៅនាទីទី៤៦ ក្នុងតង់ទី២ទើបតែចាប់ផ្ដើមបានតែ១នាទីប៉ុណ្ណោះ ហើយលទ្ធផលនេះបានបន្តរហូតដល់ចប់ការប្រកួត។
នេះជាលើកទី៣របស់ខ្សែប្រយុទ្ធ Benzema ដែលជួយឱ្យ Real Madrid ឈ្នះការប្រកួតមុនពេលប្រកួតជើងទី២នៅទឹកដី Bernabeu វិញម្តងនៅថ្ងៃអង្គារសប្តាហ៍ក្រោយ។
ក្រុមតោខៀវ Chelsea មានឱកាស២ដងដែរនៅក្នុងការប្រកួតតង់ទី២ ដោយស៊ុតចំគោលដៅ ដោយបានប្តូរកីឡាករថ្មីចូលដូចជា RomeluLukaku ជាដើម ប៉ុន្តែនៅតែមិនអាចធ្វើអ្វីបានទៅលើក្រុមភ្ញៀវ Real Madrid បើទោះបីការគ្រប់គ្រងបាល់របស់ក្រុមនេះច្រើនជាងក៏ដោយ។
Real Madrid អាចជាក្រុមនាំមុខគេក្នុងក្របខ័ណ្ឌ La Liga ប៉ុន្តែក្រុមរបស់លោក Carlo Ancelotti ត្រូវបានចាត់ទុកថា ជាក្រុមខ្លាំងមួយ ខណៈដែលពួកគេដេញតាមពីក្រោយជ័យជម្នះជាលើកទី១៤នៅក្នុងការប្រកួតនេះក្នុងទម្រង់ជា European Cup និង Champions League ។
ចំណែកក្រុមម្ចាស់ផ្ទះ Villarreal បានធ្វើរឿងមិនគួរឲ្យជឿ ដោយបានយកឈ្នះលើក្រុមយក្សមកពីអាល្លឺម៉ង់ Bayern Munich ក្នុងលទ្ធផល១ទល់០ ក្នុងជើងទី១នៃក្របខ័ណ្ឌ Champions League ដែរ ដែល១គ្រាប់នេះរកបានដោយអតីតខ្សែប្រយុទ្ធក្រុម Bournemouth កីឡាករ Arnaut Danjuma បានស៊ុតបញ្ចូលទីនៅនាទីទី៨ បានធ្វើឱ្យក្រុម Bayern Munich ភ្ញាក់ផ្អើលក្នុងវគ្គជម្រុះ៨ក្រុមចុងក្រោយរបស់ពួកគេ។
ក្រុមម្ចាស់ផ្ទះពិតជាអស្ចារ្យតាំងពីដើមដំបូង និងនាំមុខក្នុងរយៈពេលមិនដល់១០នាទី នៅពេលដែល Danjuma ទាត់បាល់បញ្ចូលទី។ ក្រុមភ្ញៀវជើងឯកអាឡឺម៉ង់ Bayern Munich មានឱកាសច្រើនគួរសមក្នុងការគ្រប់គ្រងបាល់ ប៉ុន្តែនៅតែមិនអាចធ្វើអ្វីបានទៅលើក្រុមម្ចាស់ផ្ទះ Villarreal រហូតដល់ចប់តង់ទី២។
ខ្សែប្រយុទ្ធ Robert Lewandowski ដែលបានស៊ុតបញ្ចូលទីបាន៥១គ្រាប់សម្រាប់ក្លិប Bayern Munich និងប្រទេសក្នុងរដូវកាលនេះ ត្រូវបានរក្សាភាពស្ងៀមស្ងាត់ដោយខ្សែការពារក្រុម Villarreal បិទកីឡាកររូបនេះបានយ៉ាងល្អ។ ប៉ុន្តែក្រុម Bayern Munich នៅមានឱកាសដើម្បីវាយបកវិញនៅជើងទី២ ដែលក្រុមទាំង២នឹងប្រកួតជើងទី២នៅថ្ងៃអង្គារទី១២ខែមេសាខាងមុខ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)