ព័ត៌មានទាន់ហេតុការណ៍៖

បុរសជាអ្នកបញ្ជាកាន់ក្បាលទុយយោបាញ់បេតុងម្នាក់ត្រូវខ្សែឆក់រងរបួសធ្ងន់ហើយបានស្លាប់នៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ ៖ បុរសអ្នកបញ្ជារថយន្តបាញ់លាយបេតុងម្នាក់ត្រូវបានខ្សែភ្លើងស្រូបឆក់បណ្តាលឱ្យស្លាប់ក្រោយពេលដឹកដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

    ហេតុការណ៍នេះបង្កឱ្យមានភ្ញាក់ផ្អើលឡើងកាលពីម៉ោង១០ព្រឹក ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅចំណុចការដ្ឋានមួយកន្លែងតាមបណ្តោយផ្លូវវេងស្រេង ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

   ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តលាយនិងបាញ់បេតុងជាច្រើនគ្រឿងបានចុះមកបាញ់បេតុងចាក់ប្លង់សេនៅការដ្ឋានសំណង់ផ្ទះល្វែងត្រង់ចំណុចកើតហេតុ។ ដោយសារការដ្ឋានសំណង់សង់ក្បែរបង្គោលភ្លើងខ្សែកាប្លិ៍ស្រាតនោះ មួយសន្ទុះក្រោយមកគេបានឮសំឡេងផ្ទុះចេញពីចំណុចមុខការដ្ឋានក្បែរបង្គោលភ្លើងបណ្តាលឱ្យបុរសដែលជាអ្នកបញ្ជាកាន់ក្បាលទុយយោបាញ់បេតុងម្នាក់ត្រូវបានចរន្តអគ្គិសនីស្រូបឆក់បណ្តាលឲ្យធ្លាក់ពីលើរថយន្តលាយបេតុង រងរបួសធ្ងន់ ត្រូវបានក្រុមអ្នកធ្វើការជាមួយគ្នាជួយដឹកតាមឡំប្រឺតាបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតដើម្បីឱ្យក្រុមគ្រូពេទ្យជួយសង្រ្គោះ តែជាអកុសលជនរងគ្រោះ បានស្លាប់បាត់ទៅហើយ។

   សពបុរសជនរងគ្រោះកំពុងតែតម្កល់ទុកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីធ្វើកំណត់ហេតុប្រគល់ទៅឱ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖