ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តបត់លឿនពេកជ្រុលទៅបុកដើមស្វាយ រួចបន្តទៅបុកបង្គោលភ្លើងមួយដើមទៀតបណ្ដាលឱ្យរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ

ចែករំលែក៖

    ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបបួងចង្កូតបត់ក្នុងល្បឿនលឿនបណ្ដាលឱ្យរថយន្តជ្រុលទៅបុកដើមស្វាយបាក់អស់មួយដើម រួចបន្តទៅបុកបង្គោលភ្លើងមួយដើមទៀតធ្វើឱ្យរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង កែងនឹងផ្លូវលេខលេខ១០០៣ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក TOYOTA  REVO RALLY ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BK-9955 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណៈមកដល់ត្រង់ចំណុចកើតហេតុអ្នកបើកបរបានបួងចង្កូតបត់ឆ្វេងដៃមកទិសខាងត្បួងបណ្តាលឱ្យរថយន្តជ្រុលទៅបុកដើមស្វាយបាក់អស់មួយដើម រួចរថយន្តបន្តទៅបុកបង្គោលភ្លើងបណ្ដាលឱ្យបាក់អស់ចំនួនមួយដើមទៀត ចំណែករថយន្តបានក្រឡាប់ផ្ងារជើងទ្រមេឃ តែសំណាងល្អមិនបណ្ដាលឱ្យមានអ្នកណាម្នាក់រងរបួសនោះទេ។

     ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕

ដោយ៖និន សុភ័ស្ត


ចែករំលែក៖