ភ្នំពេញ ៖ បុរស៣នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុខណៈបើកម៉ូតូត្រឡប់ទៅផ្ទះត្រូវរថយន្តកុងតឺន័របើកទៅបុករួចកិនពីលើ ចំណែករថយន្តបានបើកគេចបាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ៣និង៤០នាទីទៀបភ្លឺថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវណតប្រ៊ីត ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះទាំង៣នាក់
ទី១-ឈ្មោះគង់ សុធារិទ្ធ អាយុ២៤ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ទី២- ឈ្មោះ នៅ ប៊ុនណា អាយុ២៣ឆ្នាំ មុខរបរអ្នករត់ឡំប្រឺតា ស្នាក់នៅម្តុំផ្សារព្រៃទា ក្នុងខណ្ឌពោធិ៍សែនជ័យ។
ទី៣-ឈ្មោះ អំ កំពូល អាយុ២៣ឆ្នាំ មុខរបរជាអ្នកលក់កាហ្វេ ស្នាក់នៅជិតផ្សារសំណង់១២ ក្នុងខណ្ឌទួលគោក។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរស៣នាក់បើកម៉ូតូម៉ាកស៊ុយហ្ស៊ុយគីស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CB-8957 ជិះឌុបគ្នាតាមបណ្តោយផ្លូវលេខ២០០៤ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើត ហេតុស្រាប់តែគេឃើញបុរសម្នាក់បានបើករថយន្តសណ្តោងទូកុងតឺន័រ មិនចាំស្លាកលេខ តាមបណ្តោយផ្លូវណតប្រ៊ីត ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកម៉ូតូពេញទំហឹង រួចកិនពីលើបណ្តាលឱ្យបុរស៣នាក់ស្លាប់នៅកន្លែងកើតហេតុ ចំណែកឯរថយន្តកុងតឺន័របើករត់គេចខ្លួន បាត់ស្រមោល។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ធ្វើកំណត់ហេតុប្រគល់សពឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូជនរងគ្រោះសមត្ថកិច្ចបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងឱ្យក្រុមគ្រួសារទៅដាក់ពាក្យបណ្តឹងដើម្បីឆែកកាមេរ៉ាសុវត្ថិភាពរករថយន្តបង្កហេតុយកមកចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ជ្រោយពេជ្រ