ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្ត​ព្រៃវែង​ ចូលរួមពិធីសម្ភោធឆ្លងសមិទ្ធផលនានា នៅវត្តពោធិគុម្ព ហៅវត្តព្រៃមាន់​ ស្រុកពាមជរ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង

ចែករំលែក៖

ខេត្ត​ព្រៃវែង​៖​ លោក​ ជា​ សុមេធី​ អភិបាល​នៃ​គណៈអភិបាលខេត្តព្រៃវែង​ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២នេះ​ បានចូលរួមពិធី សម្ភោធឆ្លងសមិទ្ធផលនានា នៅវត្តពោធិគុម្ព ហៅវត្តព្រៃមាន់ នៅក្នុងភូមិព្រៃមាន់ ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី​ ថ្នាក់ដឹកនាំចុះជួយមូលដ្ឋានខេត្ត ស្រុក ឃុំ និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ស្រុក ឃុំ កងកម្លាំងទាំងបី លោកប្រធានមន្ទីរ អង្គភាព ស្ថាប័នជុំវិញខេត្ត ជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន យុវនារី លោកតា លោកយាយ ពុកម៉ែ មាមីងបងប្អូនប្រជាពលរដ្ឋស្រុកពាមជរ ជាច្រើននាក់ ចូលរួមផងដែរ។

លោក​ ជា​ សុមេធី​ បានថ្លែងថា​ តាងនាមគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត និងខ្លួនលោកផ្ទាល់​ សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់សម្តេចក្រឡាហោម និងគណៈប្រតិភូអមដំណើរទាំងអស់ ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួម ក្នុងពិធី សម្ភោធឆ្លងសមិទ្ធផលនានា ក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍន៍វិស័យពុទ្ធចក្រនៅខេត្តព្រៃវែង ជាពិសេស នៅវត្តព្រៃមាន់ ក្នុងមូលដ្ឋាននៃស្រុកពាមជរ ប្រកបដោយផ្លែផ្កាជាទីមោទនៈនាពេលនេះ។

ទន្ទឹមនឹងនេះ សម្តេចក្រឡាហោម សូមអំពាវនាវដល់បងប្អូនពុទ្ធបរិស័ទទាំងអស់ បន្តចូលរួមថែរក្សាសមិទ្ធផលទាំងអស់នេះ និងចូលរួមគោរពគាំទ្រ ព្រះពុទ្ធសាសនាឲ្យមានការរីកចម្រើនបន្ថែមទៀត និងសូមចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ និងសូមបោះឆ្នោតជូនគណបក្សណាដែលនាំមកនៅសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ពិតប្រាកដ។

សារជាថ្មីម្តងទៀត លោកអភិបាលខេត្ត​ តាងនាមថ្នាក់ដឹកនាំខេត្ត ក៏សូមបួងសួងដល់វត្ថុស័ក្តសិទ្ធិលើលោក ជួយតាមថែរក្សាសម្ដេចក្រឡាហោម និងលោកស្រី​ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន យុវនារី លោកតា លោកយាយ ពុកម៉ែ មាមីងបងប្អូនប្រជាពលរដ្ឋស្រុកពាមជរនៃអង្គពិធីទាំងមូល សូមមានសុខភាពល្អ​ និងជ័យជំនះ​គ្រប់ភារកិច្ច​ ចៀសផុតពីជម្ងឺឆ្លងកូវីដ-១៩៕

ដោយ​៖សហការី​


ចែករំលែក៖