ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតបញ្ជូនជនជាតិថៃម្នាក់ទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិថៃម្នាក់ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ នេះ ។

សមត្ថកិច្ចប្រាប់ថាៈដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ ។

លោក នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថាបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាក់គ្រីត វ៉ែនប៊ួ ហៅ ឆេន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិថៃរូបនេះធ្វើឡើងតាមពាក្យបណ្ដឹងឈ្មោះ វិសាណុ ប៊ុនផាម៉ា ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិថៃ បច្ចុប្បន្ន ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានធ្វើឲ្យខូចខាតដោយចេតនា ដែលប្រព្រឹត្តកាលពីវេលាម៉ោង១០និង០០នាទី ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២កន្លងទៅ ។ 

លោក នួន នីណារ៉ូ បានបញ្ជាក់ទៀតថា ករណីនេះកើតឡើងនៅចំណុចហាងផួឡាយាំ ផ្សាររាត្រីទឹកពុះផ្កាយ៥ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខណ:ឈ្មោះ ចាក់គ្រីត វ៉ែនប៊ួ ហៅ ឆេន ផឹកស្រាស្រវឹង ហើយបានវាយបំផ្លាញសម្ភារនៅក្នុងហាងបណ្ដាលឲ្យខូចខាតទាំងស្រុង ។ 

ជនសង្ស័យរូបនេះក្រោយពីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន ត្រូវបានបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំ ក្រោយពីកម្លាំងសួរនាំរួច ជនសង្ស័យបានរៀបរាប់ថា ខ្លួននិងសង្សាររបស់ខ្លួនព្រមទាំងមិត្តភក្តិបាននាំគ្នាទៅផឹកស៊ីនៅចំណុចហាងខាងលើ ពេលនោះខ្លួនស្រវឹងស្រាជាខ្លាំង ហើយខឹងនឹងសង្សារបស់ខ្លួនផង ទើបបណ្ដាលឲ្យរូបខ្លួនវាយកំទេចសម្ភារក្នុងហាងនោះបណ្ដាលឲ្យខូចខាតជាច្រើនតែម្ដង ។ 

ដោយផ្អែកលើពាក្យបណ្ដឹងរបស់ម្ចាស់ហាង និងចម្លើយសារភាពរបស់ជនសង្ស័យ ព្រមទាំងមានវត្ថុតាង ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។ 

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារយុត្តិធម៌បានប្រាប់ឲ្យដឹងថា ជនសង្ស័យខាងលើបច្ចុប្បន្ន ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមនីតិវិធីហើយ ៕

ដោយ ៖ វណ្ណា


ចែករំលែក៖