ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍កើនឡើងចំនួន ១០៦លើក ក្នុងត្រីមាសទី១ ឆ្នាំ២០២២ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១

ចែករំលែក៖

ខេត្ត​បាត់ដំបង៖ លោក តូច ចាន់កុសល រដ្ឋមន្ត្រីស្តីទីក្រសួងសាធារណការ និងដឹកជញ្ជូន​ នៅព្រឹក​ថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមេសាឆ្នាំ២០២២នេះ​ បានអញ្ជើញអមដំណើរសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចូលរួមក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៣ នៅខេត្តបាត់ដំបង ដែលរៀបចំឡើងដោយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង។ 

កម្មវិធីនេះមានការអញ្ជើញចូលរួមពីលោកស្រី មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) លោក សុខ លូ អភិបាលនៃគណៈអភិបាល និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត តំណាងអង្គការជាតិ តំណាងក្រុមហ៊ុន យុវជនស.ស.យ.ក យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរឹទ្ធិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ ៥០០នាក់។

ពិធីនេះរៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ដែលបានបង្កឱ្យអន្តរាយដល់អាយុជីវិតមនុស្ស បាត់បង់កាយសម្បទា និងការខូចខាតទ្រព្យសម្បត្តិជាច្រើន ព្រមទាំងបំផុសស្មារតីបង្កើនការប្រុងប្រយ័ត្នចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត។

ថ្លែងក្នុងរបាយការណ៍គោរពជូនសម្ដេចក្រឡាហោម និងអង្គពិធីទាំងមូល លោក សុខ លូ អភិបាលនៃគណៈអភិបាល និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង បានគូសបញ្ជាក់ថា៖ ការប្រារព្ធទិវាសប្តាហ៍ជាតិលើកទី១៣ នាពេលនេះ គឺជាការពញ្ញាក់ស្មារតីរបស់រាជរដ្ឋាភិបាលកម្ពុជាឱ្យលាន់ឮសូរកងរំពងសព្វទិសទី រួមជាមួយនឹងការផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីដាស់តឿនអ្នកប្រើប្រាស់ផ្លូវ ទាំងថ្មើរជើង ទាំងអ្នកបើកបរយានយន្តគ្រប់ប្រភេទ ឱ្យខិតខំប្ដូរឥរិយាបថដែលមិនគោរពច្បាប់ ងាកមកប្រកាន់យកឥរិយាបថដែលគោរពច្បាប់ មានសណ្ដាប់ធ្នាប់របៀបរៀបរយល្អ មានការអធ្យាស្រ័យ និងគោរពច្បាប់ចរាចរណ៍នៅពេលធ្វើដំណើរ ឬនៅពេលបើកបរយានយន្ត។

ជាមួយគ្នានេះដែរ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី បានធ្វើការកត់សម្គាល់ថា៖ ពិធីនេះគឺជាសកម្មភាពមួយនៃការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបំបាត់ទុក្ខលំបាក និងភាពក្រីក្ររបស់ប្រជាពលរដ្ឋ ក៏ដូចជាការសំដែងឆន្ទៈក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិ អនុវត្តបានជោគជ័យនូវផែនការសកម្មភាពទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ។

ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះពលីកម្មសព្វបែបយ៉ាងរបស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក និងមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានតស៊ូលះបង់យ៉ាងស្វិតស្វាញ បំពេញតួនាទីភារកិច្ច រក្សាសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រកបដោយស្មារតីទទួលខុសត្រូវ និងមនសិកាវិជ្ជាជីវៈខ្ពស់ ធ្វើឱ្យចំនួនអ្នកស្លាប់ និងអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២០  និងឆ្នាំ២០២១ មានការថយចុះគួរជាទីមោទន។ 

ទន្ទឹមនឹងនេះ សម្ដេចក៏បានសំដែងនូវការកោតសរសើរ លើកទឹកចិត្តចំពោះថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកក្នុងការរឹតបន្តឹងអនុវត្តច្បាប់ ការផ្សព្វផ្សាយអប់រំច្បាប់ ការសង្គ្រោះជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងកិច្ចការសំខាន់ៗជាច្រើនទៀតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ឆ្លៀតក្នុងឱកាសនេះ សម្ដេចក្រឡាហោម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកប្រើប្រាស់ផ្លូវដ៏ច្រើនលើសលប់ពីគ្រប់មជ្ឈដ្ឋាន បណ្ដាញសារព័ត៌មាននានា អង្គការជាតិ-អន្តរជាតិ វិស័យឯកជន រោង ចក្រ សហគ្រាស ក្រុមហ៊ុនដឹកជញ្ជូន និងក្រុមហ៊ុននានា ដែលបានចូលរួមយ៉ាងសកម្មក្នុងចលនាសុវត្ថិភាពចរាចរណ៍ផ្លូវគោកតាមការអំពាវនាវ ឬសេចក្តីប្រកាសរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងបំណងជំរុញការរក្សាសុវត្ថិភាពចរាចរណ៍ផ្លូវគោកឱ្យកាន់តែប្រសើរឡើងជាលំដាប់។

សម្ដេចក៏បានអំពាវនាវផងដែរ ដល់អ្នកប្រើប្រាស់ផ្លូវ និងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ឱ្យចូលរួមអនុវត្តតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា «ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍» ជាមួយនឹងការយកចិត្តទុកដាក់បើកបរប្រកបដោយការទទួលខុសត្រូវ និងបង្កើតឆន្ទៈគោរពអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួន។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឱ្យដឹងថា៖ ក្នុងត្រីមាសទី១ ឆ្នាំ២០២២ ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍កើនឡើងចំនួន១០៦លើក ស្មើនឹង១៤% (៨៦៩/៧៦៣លើក) ចំនួនអ្នកស្លាប់កើន ៦០នាក់ ស្មើនឹង ១៤% (៤៩៣/៤៣៣នាក់) និងចំនួនអ្នករបួសកើន១៤៩នាក់ ស្មើនឹង ១៣% (១២៦២/១១១៣នាក់)។ 

ដោយឡែក យោងតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបង្ហាញថានៅក្នុង ឆ្នាំ២០២១ កន្លងមកនេះខេត្តបាត់ដំបងមានគ្រោះថ្នាក់ចរាចរណ៍ចំនួន ១២៧ករណី ចំនួនអ្នកស្លាប់ ៧៤នាក់ និងអ្នករបួស ២១៤នាក់ បើធៀបនឹងឆ្នាំ២០២០ ថយចុះ ៦២ករណី ក្នុងនោះចំនួនអ្នកស្លាប់ថយចុះ ១២នាក់  និងអ្នករបួសថយចុះ ១០៩នាក់។

ហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍គឺជាបញ្ហាប្រឈមយូរអង្វែងជាក់ស្ដែង បើទោះជាមានការថយចុះ ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ក៏ដោយ ប៉ុន្តែគ្រោះថ្នាក់នេះមាននិន្នាការកើនឡើងបន្ទាប់ពីស្ថានភាពជំងឺឆ្លងកូវីដ-១៩ បានធូរស្រាលនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២១ និងក្នុងត្រីមាសទី១ ឆ្នាំ២០២២ ដែលបានបណ្ដាលឱ្យចំនួនអ្នកស្លាប់ និងអ្នករបួសមានអត្រាខ្ពស់ លើសគ្រោះថ្នាក់សង្គមនានាជាមធ្យមក្នុងមួយថ្ងៃមានអ្នកស្លាប់ចំនួនលើ ៥នាក់ និងរបួសចំនួន ១៤នាក់។

មូលហេតុចម្បងបង្កឱ្យមានគ្រោះថ្នាក់ គឺការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព ការមិនគោរពសញ្ញាចរាចរណ៍ ការវ៉ាជែង ការមិនប្រកាន់ស្ដាំ ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ការមិនពាក់មួកសុវត្ថិភាព ការមិនពាក់ខ្សែក្រវាត់សុវត្ថិភាព ដែលសុទ្ធសឹងបង្កឡើងដោយកត្តាអ្នកបើកបរ យានយន្តមួយចំនួនមិនគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ខ្វះការប្រុងប្រយ័ត្ន ឬខ្វះការយោគយល់អធ្យាស្រ័យ។

ការប្រារព្ធទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍លើកទី១៣នេះ គឺជាការផ្ញើសារណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាជូនចំពោះអ្នកប្រើប្រាស់ផ្លូវទាំងអស់ ឱ្យចងចាំថា៖ មានតែការខិតខំយកអស់ស្មារតីចូលរួមគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បង្កើនការប្រុងប្រយ័ត្នគ្រប់ពេលធ្វើដំណើរតាមដងផ្លូវ មានសីលធម៌យោគយល់អធ្យាស្រ័យ ចេះស្រឡាញ់ជីវិតខ្លួនឯង និងអ្នកដទៃ ទើបជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ និងទទួលនូវសេចក្តីសុខសុវត្ថិភាពជានិច្ចនិរន្តរ៍។

សូមជម្រាបជូនថា៖ ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ ជាព្រឹត្តិការណ៍ផ្ដួចផ្ដើមឡើងដោយអង្គការសហប្រជាជាតិដែលបានកំណត់យកខែឧសភារៀងរាល់ឆ្នាំ ប្រារព្ធឡើងនៅតាមប្រទេសនានាទូទាំងសកលលោក ដើម្បីជាការក្រើនរំលឹកដល់ប្រជាពលរដ្ឋនៅទូទាំងពិភពលោក ជាពិសេសប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងប្រទេសកម្ពុជាផងដែរ ឱ្យយកចិត្តទុកដាក់លើកកម្ពស់វិស័យសុវត្ថិ ភាពចរាចរណ៍។ ឆ្នាំនេះគឺជាឆ្នាំទី១៣ ដែលកម្ពុជារួមជាមួយប្រទេសនានាបានប្រារព្ធពិធីដ៏មានសារៈសំខាន់នេះ ក្រោមការលើកទឹកចិត្ត និងឧបត្ថម្ភគាំទ្ររបស់រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានដាក់ចេញសេចក្តីសម្រេចជាផ្លូវការ។ 

ដោយរាជរដ្ឋាភិបាលពិនិត្យឃើញស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាតែងតែកើតមានយ៉ាងច្រើននៅក្នុងឱកាសបុណ្យប្រពៃណីជាតិធំៗ ជាពិសេសបុណ្យចូលឆ្នាំខ្មែរ និងភ្ជុំបិណ្ឌ ទើបរាជរដ្ឋាភិបាលកម្ពុជា បានកំណត់ជាផ្លូវការ និងជំរុញលើកទឹកចិត្តឱ្យ គ.ស.ច.គ. យកកាលបរិច្ឆេទពីថ្ងៃទី៧ ដល់ ថ្ងៃទី១៤ ខែ មេសា ជារៀងរាល់ឆ្នាំក្នុងការប្រារព្ធទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីក្រើនរំលឹក បញ្ញាក់ អារម្មណ៍ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់គោរពច្បាប់ និងមានសីលធម៌យោគយល់អធ្យាស្រ័យនៅគ្រប់ពេលធ្វើដំណើរលើដងផ្លូវ នាំមកនូវសុវត្ថិភាព រីករាយជួបជុំគ្រួសារក្នុងសង្គមជាតិកម្ពុជា ដែលមានសុខ សន្តិភាពពេញលេញ មានការអភិវឌ្ឍលើគ្រប់វិស័យ មានកំណើនសេដ្ឋកិច្ច ជាពិសេសផ្លូវស្ពានតភ្ជាប់ទៅគ្រប់តំបន់នៅក្នុងប្រទេស និងភ្ជាប់ជាមួយប្រទេសជិតខាង៕

ដោយ​៖សហការី​


ចែករំលែក៖