ភ្នំពេញ ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរថភ្លើងបានបានចាប់ផ្ដើមដំណើរការដឹកជញ្ជូនឡើងវិញបន្ទាប់ពីខកខានក្នុងរយៈពេលយូរ។ ព្រឹកថ្ងៃទី ១២ ខែមេសានេះមានប្រជាពលរដ្ឋជាច្រើនបានធ្វើដំណើរតាមរថភ្លើងដើម្បីទៅកាន់ស្រុកកំណើតរបស់ខ្លួន។ អ្នកគ្រប់គ្រងនៅទីនេះនិយាយថា សេវាដឹកជញ្ជូនតាមរថភ្លើងរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានខ្លះដែរ។ ចំណែកប្រជាពលរដ្ឋក៏ចាប់អារម្មណ៍ក្នុងការធ្វើដំណើរតាមរថភ្លើងនេះដែរ។
នៅថ្ងៃទី១២ មេសា ឆ្នាំ២០២២នេះ ស្ថានីយរថភ្លើង រ៉ូយ៉ាល់ រៀលវ៉េ ខេមបូឌា បានបើកឲ្យដំណើរការឡើងវិញ ដើម្បីបម្រើឲ្យការដឹកជញ្ជូនអ្នកដំណើរ ពីក្រុងភ្នំពេញ ទៅកាន់ខេត្តចំនួន៦ រួមមាន៖ ខេត្តតាកែវ ពោធិ៍សាត់ បាត់ដំបង កំពត កែប និងខេត្តព្រះសីហនុ។ ការបើកដំណើរការនៅពេលនេះ គេសង្កេតឃើញថាប្រជាពលរដ្ឋជាច្រើនបានកក់សំបុត្រដើម្បីធ្វើដំណើរតាមរថភ្លើងព្រោះវាមានសុវត្ថិភាព។
ការបើកដំណើរការឡើងវិញនេះរួមចំណែកឆ្លើយតបទៅ នឹងតម្រូវការរបស់អ្នកធ្វើដំណើរ។ កញ្ញា សក់ វណ្ណនី អ្នកគ្រប់គ្រងខ្សែអ្នកដំណើរ នៃរ៉ូយ៉ាល់ ត្រេនសឃ្វែរ (Royal Train Square) បានឲ្យដឹងថា ការបើកឲ្យដំណើរការផ្លូវដែកឡើងវិញនាពេលនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងឈានមកដល់នាពេលខាងមុខ។
អ្នកគ្រប់គ្រងរូបនេះបានឲ្យដឹងទៀតថា មកដល់ ពេលនេះ មានប្រជាពលរដ្ឋជាច្រើន កក់សំបុត្រទុកជាបន្តបន្ទាប់ ដើម្បីចាកចេញទៅបណ្តាខេត្តនានា ដើម្បីធ្វើដំណើរកម្សាន្ត និងទៅស្រុកកំណើតជាដើម។ អ្នកកក់សំបុត្របានរកឃើញអំពីសុវត្ថិភាពបើទោះបីជាការធ្វើ ដំណើរតាមរថភ្លើងចំណាយពេលយូរបន្តិចក៏ដោយ។
កញ្ញាសក់ វណ្ណនី បានឲ្យដឹងទៀតថា ការបើកឲ្យដំណើរការឡើងវិញក្នុងពេលនេះ ការចេញដំណើរទៅកាន់ខេត្តទាំង៦ មានតែមួយជើងប៉ុណ្ណោះក្នុងពេលព្រឹក គឺម៉ោង៦កន្លះ សម្រាប់ការចេញដំណើរទៅកាន់ខេត្តតាកែវ,ពោធិ៍សាត់,បាត់ដំបង និង៧ព្រឹក ទៅកាន់ កំពត,កែប និងព្រះសីហនុ។
ទាក់ទងនឹងតម្លៃសំបុត្រ អ្នកគ្រប់គ្រងរូបនេះ បានលើកឡើងថា មិនមានការតម្លើងថ្លៃទេ ទោះបីជាក្នុងឱកាសបុណ្យទានឬថ្ងៃចុងសប្តាហ៍ក៏ដោយ ដោយពីភ្នំពេញទៅកាន់ខេត្តតាកែវ តម្លៃសំបុត្រ ២ម៉ឺន ៤ពាន់រៀល ឬ ៦ដុល្លារ, ពោធិ៍សាត់ ២ម៉ឺន ៨ពាន់រៀល ឬ ៧ដុល្លារ, បាត់ដំបង ៣ម៉ឺន ២ពាន់រៀល ឬ៨ដុល្លារ, កំពត និងកែបតម្លែដូចគ្នា គឺ ៣ម៉ឺន ៦ពាន់រៀល ឬ៩ដុល្លារ និងខេត្តព្រះសីហនុតម្លៃ ៤ម៉ឺនរៀល ឬ ១០ដុល្លារ សម្រាប់មនុស្សម្នាក់ៗ៕
ដោយ៖ សូរិយា