ព័ត៌មានទាន់ហេតុការណ៍៖

លោក សរ សុដានី ចុះពិនិត្យទីតាំងក្នុងក្រុងស្វាយរៀងដើម្បីត្រៀមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុងស្វាយរៀងឲ្យកាន់តែមានភាពទាក់ទាញក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលឈានចូលមកដល់នៅពេលខាងមុខនេះ

នាព្រឹកថ្ងៃទី១២ខែមេសាឆ្នាំ២០២២ រដ្ឋបាលក្រុងស្វាយរៀងដឹកនាំដោយលោក សរ សុដានី ជាអភិបាលរងក្រុងបានដឹកនាំមន្ត្រីដែលពាក់ព័ន្ធចុះពិនិត្យទីតាំងសង្ក្រាន្ដស្វាយរៀងនៅមាត់ទន្លេវៃគោនិងទីតាំងសំខាន់ៗមួយចំនួនទៀត ក្នុងការអប់រំដល់ប្រជាពលរដ្ឋកុំអោយចោលសំរាមពាសវាសពាសកាលដែលនាំឱ្យបាត់បង់នូវសោភ័ណភាពនៅតាមដងផ្លូវនានាក្នុងក្រុងស្វាយរៀង។

លោក សរ សុដានី អភិបាលរងក្រុងស្វាយរៀងបានថ្លែងថាក្រោមស្នាដៃអភិវឌ្ឍរបស់លោក ម៉ែន វិបុល ជាអភិបាលខេត្តស្វាយរៀងហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងស្វាយរៀងក៏ដូចនៅទូទាំងខេត្ត មានការរីកចម្រើនគួរឲ្យកត់សម្គាល់ជាពិសេសមាត់ច្រាំងទន្លេវៃគោបានស្ថាបនារួចរាល់បំពាក់ដោយឧបករណ៍ហាត់ប្រាណនិងសួនច្បាររីកស្រស់បំព្រងបានដាក់សម្ពោធឲ្យប្រើប្រាស់នាពេលថ្មីៗនេះ។

លោកបានបន្តថាមានទីតាំងដើរលេងកម្សាន្តស្អាតហើយសូមប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមថែរក្សាសណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ ដើម្បីទទួលអំណរឆ្នាំថ្មីទាំងអស់គ្នា និងជួយថែរក្សាមាត់ទន្លេវៃគោដ៏ស្រង់បំព្រងដែលជាចំណងដៃជាប្រវត្តិសាស្ត្ររបស់ថ្នាក់ដឹកនាំរបស់យើងដែលខំកសាងទុកជូនកូនចៅជំនាន់ក្រោយបានទទួលការកំសាន្ត ហាត់ប្រាណ ស្រូបយកខ្យល់អាកាស និងជាកន្លែងសម្រាប់ទាក់ទាញការមកកំសាន្តរបស់ភ្ញៀវទេសចរណ៍ដែលបានជម្រុញចំណូល លើកកម្ពស់កម្រិតជីវភាពដល់ប្រជាពលរដ្ឋផងដែរ។

លោកបានបញ្ជាក់ថា សមិទ្ធផល ច្រាំងទន្លេវ៉ៃគោនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលទទួលបានពីផ្លែផ្កា នៃសុខសន្តិភាព​ ហើយបើគ្មានសន្តិភាពគឺមិនអាចមានការអភិវឌ្ឍបានឡើយដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមថែរក្សាសុខសន្តិភាពឲ្យបានគង់វង្សយូរអង្វែងដើម្បីមានឱកាសអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ទៀត ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖