ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន វេរប្រគេនទេយ្យវត្ថុ និងចង្ហាន់ដល់ព្រះសង្ឃចំនួន ១០វត្ត ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្តាល ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបានយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋភិបាល បានវេរ ប្រគេនទេយ្យវត្ថុ និងចង្ហាន់ដល់ព្រះសង្ឃចំនួន ១០វត្ត ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល នាព្រឹកថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ។

ជារៀងរាលឆ្នាំ លោកស្រីកិត្តិសង្គហបណ្ឌិត បានវេរ ប្រគេនទេយ្យវត្ថុ និងចង្ហាន់ដល់ព្រះសង្ឃចំនួន ១០វត្ត រួមមាន ៖  ១. វត្តមុន្នីប្រសិទ្ធិវង្ស ២.វត្តអង្គសិរីសួស្តី ៣.វត្តច័ន្ទបុរីវង្ស ៤.វត្តសុវណ្ណវារី និង ៥.វត្តមហានន្ទិយនេរញ្ចរារាមនិវេទ ឬ(វត្តព្រែកប្រាំង) ៦. វត្តស្វាយពពែ  ៧. វត្តលង្កាកុសុមារាម ៨.វត្តឧណ្ណាឡោម ៩.វត្តសារាវ័ន្តតេជោ និង ១០. វត្តមុន្នីសុវណ្ណ (ហៅចំពុះក្អែក) ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញក្ខន្ធ នាយឧត្តមសេនីយ៍ ប៉េង ប៉ាត់ និងញ្ញាតិការទាំង ៧សណ្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ  ជាពិសេស បុព្វបុរសអ្នកស្នេហាជាតិគ្រប់ជំនាន់ដែលលះបង់អាយុជីវិត ដើម្បីជាតិមាតុភូមិ ។

លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានបួសសួងដល់ទេវធីតាឆ្នាំថ្មី ព្រះនាម កិរិណីទេវី ជារាជបុត្រីទី៥ នៃកបិលមហាព្រហ្ម តាមជួយប្រោសព្រំ និងតាមបីបាច់ថែរក្សាប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមមានសុខភាពល្អ និងទទួលបានជោគជ័យថ្មីៗ បន្ថែមទៀត ។

ទេយ្យវត្ថុ ដែលបានវេរ និងប្រគេនក្នុងថ្ងៃនេះ រួមមាន ៖ (១) អង្ករ ៣០០គីឡូក្រាម (២)ស្ករស ១ បាវ (៣)ទឹកសុទ្ធ ៥ កេស (៤) ទឹកក្រូច ៥ កេស (៥) មី ៥ កេស (៦) ទឹកដោះគោ ១កេស (៧) ម៉ាស ១ កេស (៨)ទឹកត្រី ២យួរ (៩)ទឹកស៊ីអ៊ីវ ២យួរ (១០)ត្រីងៀត ៥គីឡូ (១១) អំបិល ១០គីឡូក្រាម និងថវិកា ២លានរៀល៕

ដោយ ៖ សិលា


ចែករំលែក៖