ប្រធានាធិបតីរុស្ស៊ីលោក ពូទីន កាលពីថ្ងៃទី១៨ខែមេសា បានបញ្ជាក់ថា ការដាក់ទណ្ឌកម្មរបស់បណ្តាប្រទេសលោកខាងលិចមកលើទីក្រុងមូស្គូដោយសារសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនបានបរាជ័យហើយ។
លោកពូទីនបានបញ្ជាក់ទៀតថា«ការគិតរបស់បណ្តាប្រទេសលោកខាងលិច បានធ្វើឱ្យច្របូកច្របល់សេដ្ឋកិច្ច បង្កឱ្យមានភាពចលាចលនៅលើទីផ្សារពិភពលោក ធ្វើឱ្យប្រព័ន្ធធនាគារដួលរលំនិងកាត់ផ្តាច់ប្រភពផ្គត់ផ្គង់ដល់បណ្តាហាងលក់ទំនិញនានា»។
ប្រធានាធិបតីពូទីនបានបញ្ជាក់ថា យុទ្ធសាស្ត្រដាក់ទណ្ឌកម្មរបស់លោកខាងលិចបាន«បរាជ័យ» មិនមានប្រសិទ្ធភាព ផ្ទុយទៅវិញបានធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចរបស់បណ្តាប្រទេសលោកខាងលិចកាន់តែអាក្រក់ថែមទៀត។
បណ្តាប្រទេសលោកខាងលិច បានអនុម័តដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីចាប់តាំងពីទីក្រុងមូស្គូចាប់ផ្តើមវាយប្រហារទៅលើប្រទេសអ៊ុយក្រែននៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២។
ប្រធានាធិបតីពូទីនបញ្ជាក់ថា «រុស្ស៊ីបានឈរយ៉ាងរឹងមាំចំពោះសម្ពាធរបស់ប្រទេសលោកខាងលិច ។ ប្រាក់រុស្ស៊ីក៏ត្រូវបានពង្រឹងឡើងវិញ ហើយវិស័យពាណិជ្ជកម្មរបស់រុស្ស៊ីបានកើនឡើងគិតជាទឹកប្រាក់ដល់ទៅ៥៨ពាន់លានដុល្លារ ក្នុងត្រីមាសទីមួយឆ្នាំ២០២២ ជាចំនួនខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។
ប្រធានាធិបតីរុស្ស៊ីបានបញ្ជាក់ទៀតថា ការដាក់ទណ្ឌកម្មរបស់បណ្តាប្រទេសលោកខាងលិចបានធ្វើឱ្យគុណភាពរស់នៅរបស់ពលរដ្ឋនៅលើទឹកដីអាមេរិកក៏ដូចជាអឺរ៉ុបត្រូវបាត់បង់ ។ ជាមួយគ្នានេះដែរ លោកពូទីនក៏បានជំរុញការប្រើប្រាស់រូបិយវត្ថុអន្តរជាតិតាមរូបភាពថ្មី៕ ដោយ៖ ធីរីណា
រូបថត៖Reuters