ភ្នំពេញ៖ យោងតាមសេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋរស់នៅផ្លូវលេខ៤៧៤ ក្រុម២៥ ភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ បានឱ្យដឹងថា បច្ចុប្បន្ននេះទីតាំងផ្ទះ២ល្វែងជ្រកក្រោមផ្លាកយីហោ “ម្លប់ជ្រៃ” កំពុងបើកលេងល្បែងស៊ីសងភ្នាល់បាល់តាមប្រព័ន្ធអុីនធើណេតយ៉ាងអានាធិបតេយ្យ មិនខ្វល់ពីគោលនយោបាយភូមិ-ឃុំ មានសុខសុវត្ថិភាព ជាពិសេសការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងកេីតមានឡេីងសព្វថ្ងៃនេះ។
ប្រជាពលរដ្ឋ បានបន្តថា ទីតាំងបង្កប់ល្បែងស៊ីសងខាងលើនេះ គឺបេីកលេងដូចជាកាស៊ីណូអញ្ចេឹង ស្ថិតនៅផ្ទះលេខ៧៨០ ផ្លូវលេខ៤៧៤ ក្រុម២៥ ភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន ខណៈដែលអាជ្ញាធរមូលដ្ឋានប្រហែលជាបានដឹងហេីយ ប៉ុន្តែមិនទាន់មានចំណាត់ការនៅឡើយ!? ជាពិសេសលោក ហុង ចាន់ថេង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងត្របែក ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន មានដឹងដែរឬទេ? ឬមួយក៏ជាឆ្នាំងបាយប្រចាំខែរបស់គាត់ ទេីបគ្មានការបង្ក្រាបបែបនេះ? ព្រោះថាទីតាំងនេះបើកលេងទាំងថ្ងៃទាំងយប់ (ដោយបើកទ្វារធំជាងមុនពេលមានបរិបទកូវីដ-១៩) ហើយមានអ្នកញៀនល្បែងចេញចូលលេងទាំងប្រុស-ស្រីជារៀងរាល់ថ្ងៃបាន ដោយមិនខ្លាចពីការឆ្លងជម្ងឺកូវីដ-១៩ ទាល់តែសោះ ..?
ប្រជាពលរដ្ឋឆ្ងល់ថា ហេតុអ្វីអាជ្ញាធរមិនចូលរួមធ្វើឱ្យភូមិ-សង្កាត់ និងខណ្ឌ គ្មានអំពើចោរកម្ម ,លួច ,ឆក់ ,ប្លន់ នៅក្នុងមូលដ្ឋាន ដោយពលរដ្ឋទទូចស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចខណ្ឌចំការមន ជួយបង្ក្រាបទីតាំងល្បែងស៊ីសងបើកដំណើរ២៤ម៉ោងលើក២៤ម៉ោង ដែលសង្ស័យមានបង្កប់ល្បែងស៊ីសងតាមអនឡាញ និងមានល្បែងស៊ីសងជាច្រើនទៀតនៅក្នុងទីតាំងនោះ។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងមូលដ្ឋានខណ្ឌចំការមននេះដែរ គេសង្កេតឃើញថា ទីតាំងល្បែងស៊ីសង ជាច្រើនកន្លែងកំពុងបើកដំណើរការយ៉ាងរលូន ហេតុអ្វីសមត្ថកិច្ចមិនបង្ក្រាប។
ជាមួយគ្នានេះ ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងល្បែងស៊ីសងទាំងអស់នោះ សំណូមពរដល់លោក ថេង សុថុល អភិបាលខណ្ឌចំការមន និងលោក យិន សាន អធិការនគរបាលខណ្ឌចំការមន គួរមានវិធានការចំពោះទីតាំងនេះផង។
សូមជម្រាបថា កន្លងមកលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជានិងព្រមានចាត់វិធានការក្តៅទៅលើមន្ត្រីក្រោមឱវាទ អធិការ ក្រុង-ស្រុក និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់នានា ដែលទុកបណ្តោយឱ្យមានសកម្មភាពល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់។
គួររម្លឹកផងដែរថា សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏ធ្លាប់បានដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ព័ន្ធនៅក្រោមឱវ៉ាទត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដោយរាជរដ្ឋាភិបាលបានខិតខំលុបបំបាត់ល្បែងស៊ីសង បញ្ហាគ្រឿងញៀន ។ល។ ព្រោះថាបញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារល្បែងសុីសង ដើម្បីធានាឲ្យបាននូវ សន្តិសុខ សណ្តាប់ធ្នាប់ ភាពសុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព»៕
ដោយ៖ ជីណា