ភ្នំពេញ៖ បុរស២នាក់បាននាំគ្នាអង្គុយផឹកស្រាបៀរ ហើយពេលស្រវឹងស្រឿងៗក៏កេីតជាទំនាស់ពាក្យសម្តីគ្នារហូតឈានដល់ភាគីម្ខាងស្ទុះទៅវាយភាគីម្ខាងទៀតបណ្តាលឱ្យដួលបោកក្បាលនឹងឥដ្ឋរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកជនដៃដល់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង២រសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅផ្ទះជនរងគ្រោះ ក្នុងភូមិព្រៃដូនអុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
ជនដៃដល់ឈ្មោះអ៉ឹត វ៉ាន ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល ក្នុងភូមិសាមគ្គី២ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះឌុច ម៉េត ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃដូនអុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
តាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃកេីតហេតុជនរងគ្រោះនិងជនដៃដល់បាននាំគ្នាទិញស្រាបៀរមកអង្គុយផឹកតែពីរនាក់នៅផ្ទះជនរងគ្រោះ ហើយពេលផឹកស្រវឹងស្រឿងៗរៀងខ្លួនស្រាប់តែទាស់ពាក្យសម្តីគ្នាធ្វេីឱ្យភាគីខាងជនដៃដល់ទ្រាំលែងបានក៏ស្ទុះទៅវាយធ្វេីឱ្យជនរងគ្រោះដួលបោកក្បាលនឹងឥដ្ឋរងរបួសក្បាលធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមភ្លាមៗផងដែរ ចំណែកជនដៃដល់ត្រូវបានកូនជនរងគ្រោះដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចឱ្យឃាត់ខ្លួនយកទៅសួរនាំភ្លាមៗ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវីធីច្បាប់៕
ដោយ៖សុខាសែនជ័យ