ព័ត៌មានទាន់ហេតុការណ៍៖

ចោរឆក់កាបូប​ ២នាក់​ ត្រូវ​នគរបាល​ខេត្ត​កែប​ បញ្ជូន​ខ្លួន​ទៅ​តុលាការ​

ចែករំលែក៖

ខេត្ត​កែប ៖ ​ជនសង្ស័យ​ចំនួន​​២​នាក់ ពាក់ព័ន្ធ​ករណី​ឆក់​កាបូប​ ត្រូវ​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប បញ្ជូនខ្លួន​ទៅ​កាន់អយ្យការ​សាលាដំបូង​ខេត្ត​ ដើម្បី​អនុវត្ត​នីតិវិធី​ច្បាប់ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២២​នេះ។ 

យោង​តាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កែប​ បានឱ្យដឹងថា​ ជនសង្ស័យ​ទាំង​២​នាក់នេះទី​១-ឈ្មោះ​ សេង តុលា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​កម្មករ​នេសាទ និង​ទី​២- ឈ្មោះ​ សេង សីហា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស​ អ្នកទាំង​២​​រស់នៅ​ភូមិ​អូរ​ក្រសារ សង្កាត់​អូរ​ក្រសារ ក្នុង​កែប ។​ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ស៊ឹ​ម ចាន់​ណា ភេទ​ស្រី អាយុ​៤៦​ឆ្នាំ មុខរបរ​អាជីវករ រស់នៅ​កន្លែង​កើតហេតុ​ខាងលើ ក្រោយ​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់​រួច ក៏​បើក​ម៉ូតូ​រត់គេច។

របាយការណ៍​ដដែល​ បន្តថា​ ជនសង្ស័យ​ខាងលើ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​កាលពី​វេលា​ម៉ោង​០៨ និង​៤៥​នាទី​យប់​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២២ លើ​ផ្លូវជាតិ​លេខ​៣៣​អា ក្នុងភូមិ​កែប សង្កាត់​/​ក្រុងកែប ។​ ក្រោយ​ទទួល​បាន​ព័ត៌មាន​ពី​ជន​រង​គ្រោះ ក្រោម​ការ​ដឹកនាំ​បញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ សម្បត្តិ សុធា​រដ្ឋ ស្នងការ​នគរបាល​ខេត្ត​កែប កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ បាន​សហការ​ចុះ​អន្តរាគមន៍​ស្រាវជ្រាវ និង​បង្ក្រាប​បាន​ភ្លាម​ៗ រួច​នាំ​ខ្លួន​មក​ធ្វើការ​សាកសួរ ហើយ​សាមីខ្លួន​(​ជនសង្ស័យ​) បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​ពិតប្រាកដ​មែន។ 

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលេីនេះ​ កំពុង​សាកសួរ​នៅអយ្យការអមសាលាដំបូងខេត្ត​ ដេីម្បីចាត់ការតាមច្បាប់​៕

ដោយ​៖អារុណ​រះ


ចែករំលែក៖