ខេត្តកែប ៖ ជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីឆក់កាបូប ត្រូវកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកែប បញ្ជូនខ្លួនទៅកាន់អយ្យការសាលាដំបូងខេត្ត ដើម្បីអនុវត្តនីតិវិធីច្បាប់ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះ។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកែប បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់នេះទី១-ឈ្មោះ សេង តុលា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករនេសាទ និងទី២- ឈ្មោះ សេង សីហា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស អ្នកទាំង២រស់នៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្នុងកែប ។ ចំណែកជនរងគ្រោះឈ្មោះ ស៊ឹម ចាន់ណា ភេទស្រី អាយុ៤៦ឆ្នាំ មុខរបរអាជីវករ រស់នៅកន្លែងកើតហេតុខាងលើ ក្រោយជនសង្ស័យធ្វើសកម្មភាពឆក់រួច ក៏បើកម៉ូតូរត់គេច។
របាយការណ៍ដដែល បន្តថា ជនសង្ស័យខាងលើបានធ្វើសកម្មភាពឆក់កាបូបកាលពីវេលាម៉ោង០៨ និង៤៥នាទីយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ លើផ្លូវជាតិលេខ៣៣អា ក្នុងភូមិកែប សង្កាត់/ក្រុងកែប ។ ក្រោយទទួលបានព័ត៌មានពីជនរងគ្រោះ ក្រោមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌ បានសហការចុះអន្តរាគមន៍ស្រាវជ្រាវ និងបង្ក្រាបបានភ្លាមៗ រួចនាំខ្លួនមកធ្វើការសាកសួរ ហើយសាមីខ្លួន(ជនសង្ស័យ) បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់ពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យខាងលេីនេះ កំពុងសាកសួរនៅអយ្យការអមសាលាដំបូងខេត្ត ដេីម្បីចាត់ការតាមច្បាប់៕
ដោយ៖អារុណរះ