ព័ត៌មានទាន់ហេតុការណ៍៖

ហាមឃាត់​ចែកចាយ និងកំពុងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាង ដែលគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាលកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ តាមលទ្ធផល នៃការត្រួតពិនិត្យគុណភាពដោយមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល នៃក្រសួងសុខាភិបាលបានរកឃើញថា គ្រឿងសម្អាងឈ្មោះ សាប៊ូលម្អងក្បាលល្អៀតខ្មែរ គ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាល ដែលកំពុងចែកចាយដោយ គ្រឹះស្ថានអាហរ័ណ នីហរ័ណ ផលិតផលគ្រឿងសម្អាង ភ្នំទ្រទ្រង់ (ខេមបូឌា) ឯ.ក មានផ្ទុកសារធាតុគីមីបារ៉ត (Mercury) លើសកម្រិតបទដ្ឋានស្តង់ដារបច្ចេកទេស កំណត់ ដែលអាចបង្កឱ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សុខភាពស្បែក និងអាយុជីវិត របស់អ្នកប្រើប្រាស់។

អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថតម្រូវឱ្យរាល់ការចរាចរ ផលិតផលគ្រឿងសម្អាងគ្រប់ប្រភេទ ក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវមានលេខប្រវេទន៍ទទួលស្គាល់ពីក្រសួងសុខាភិបាល។ ដូច្នេះ សូមប្រជាពលរដ្ឋមុននឹងទិញផលិតផលគ្រឿងសម្អាងគ្រប់ប្រភេទ សូមពិនិត្យមើលលតាបត្រប្រវេទន៍ ដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រប្រវេទន៍ត្រឹមត្រូវគឺមាន ២ផ្នែក ១ ផ្នែកខាងលើមានឈ្មោះគ្រឹះស្ថានអាហរ័ណ នីហរ័ណ ២-ផ្នែកខាងក្រោមមានលេខ ប្រវេទន៍ ដូចមានគំរូភ្ជាប់ជាមួយ។

ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬឈានដល់បាត់បង់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាលសូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបញ្ឈប់ការប្រើប្រាស់ សាប៊ូ លម្អងក្បាលល្អៀតខ្មែរ ដែលគ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាលជាបន្តទៀត ព្រោះផលិតផលនេះពុំមានសុវត្ថិភាពចំពោះអ្នកប្រើប្រាស់ឡើយ។ ចំពោះគ្រឹះស្ថានអាហរ័ណ នីហរ័ណផលិតផលគ្រឿងសម្អាង ដែលកំពុងចែកចាយផលិតផលនេះត្រូវធ្វើការប្រមូល សាប៊ូ ម្អងក្បាលល្អៀតខ្មែរទាំងអស់ពីទីផ្សារ ដើម្បីធ្វើការកម្ទេចចោល។

ក្រសួងសុខាភិបាលនឹងបន្តតាមដានផលិតផលនេះនៅលើទីផ្សារជាបន្តទៀត និងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តចែកចាយឬលក់ផលិតផលខាងលើនេះ ទៅតាមច្បាប់ស្តីពីច្បាប់វិសោធនកម្មច្បាប់ស្តីពីការ គ្រប់គ្រងឱសថជាធរមាន។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួប ឬប្រទះឃើញជនណាកំពុងចែកចាយ ឬលក់ សាប៊ូលម្អងក្បាលស្នៀតខ្មែរ សូមបង ប្អូនប្រញាប់ផ្ដល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារបរិក្ខារពេទ្យ និងគ្រឿងសំអាង តាមរយៈ លេខទូរស័ព្ទ៖ ០១២ ៣៥៥ ១៦១, ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ០២២, ០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០៕

ដោយ ៖ សិលា


ចែករំលែក៖