ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាមានទំហំជញ្ជីងពាណិជ្ជកម្មជាង ១៣ ប៊ីលានដុល្លារ​ ក្នុងត្រីមាសទី១ឆ្នាំនេះ

ចែករំលែក៖

ភ្នំពេញ៖ ដោយសារស្ថានភាពជំងឺកូវីដ-១៩ ហាក់ដូចជាថមថយខ្លាំងធ្វើឱ្យទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយដៃគូមានការកើនឡើង។ ដូច្នេះ កម្ពុជាមានទំហំពាណិជ្ជកម្មជាមួយប្រទេសដៃគូជាង ១៣ ប៊ីលានដុល្លារ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ កើនឡើង ៩ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ការកើនឡើងនេះ គឺដោយសារកម្ពុជាអនុញ្ញាតឱ្យមានការបើកសកម្ម ភាពសង្គមសេដ្ឋកិច្ចឡើងវិញ។

យោងតាមស្ថិតិអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចាប់ពីខែមករា ដល់មីនា ឆ្នាំ២០២២កម្ពុជា មានទំហំពាណិជ្ជកម្មរហូតប្រមាណ ១៣,១៦ពាន់លានដុល្លារ។ ក្នុងនោះ កម្ពុជា​នាំចេញទំនិញ​ទៅកាន់ទីផ្សារពិភព លោក​ ជាង៥,៧ពាន់លានដុល្លារ ​ខណៈនាំចូលវិញ មាន៧,៤ពាន់លានដុល្លារ។ មានន័យថាទំហំពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាមានការកើនឡើងក្រោយពេលដែលសកម្មភាពសេដ្ឋកិច្ចបើកឲ្យដំណើរការឡើងវិញ។

បើតាមការយល់ឃើញរបស់ ឧកញ៉ា លឹម ហេង អនុ ប្រធានសភាពាណិជ្ជកម្មកម្ពុជានោះថា ភាពស៊ាំ​ក្នុង​សង្គម​នឹង​ជំងឺកូវីដ ដោយសារយុទ្ធសាស្រ្តចាក់វ៉ាក់សាំងកូវីដ១៩ របស់រាជរដ្ឋាភិបាល​ ធ្វើឱ្យកម្ពុជា អាច​ដំណើរ ការសកម្មសង្គមសេដ្ឋកិច្ចបានយ៉ាងលឿន ​ធៀប​នឹងប្រទេសដៃទៀត អំណោយ​ផលដល់​ការធ្វើពាណិជ្ជកម្ម និងវិនិយោគ។ នេះគឺជាយុទ្ធសាស្ត្រត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុនសែនក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋគ្រប់ទិសទីនៅក្នុងប្រទេស។

ស្ថិតិជញ្ជីងពាណិជ្ជកម្ម របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបង្ហាញថា នៅក្នុងត្រីមាស​ទីមួយ​នេះ ប្រទេសចិនមានទំហំពាណិជ្ជកម្មធំជាងគេជាមួយកម្ពុជា​ ដែលមាន​តម្លៃរហូតដល់ជិត ២,៩ពាន់លានដុល្លារ។ចិននៅតែនាំមុខគេក្នុងការវិនិយោគជាមួយកម្ពុជាហើយចិនក៏ជាដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរបស់កម្ពុជាតាំងពីដើមរៀងមក។

ចំណែក ទំហំពាណិជ្ជកម្មរវាង កម្ពុជា និងសហរដ្ឋអាម៉េរិក សម្រេចបាន ក្នុងរង្វង់ ២,២ពាន់ដុល្លារ។ ដៃគូពាណិជ្ជកម្មបន្ទាប់គឺប្រទេសវៀតណាមមាន ១,៧ពាន់ដុល្លារ,ប្រទេសថៃ មាន ១,១ពាន់ដុល្លារ​ និងប្រទេស​សិង្ហបុរី ជិត៩៨០លានដុល្លារ។

គួរបញ្ជាក់ជូនថា កាលឆ្នាំ២០២១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្ម​ជាមួយប្រទេស-តំបន់​នៅ​លើពិភព​លោក​បានជាង ៤៨​ពាន់ល្លានដុល្លារ។ ក្នុងនោះ​ការនាំចេញរបស់កម្ពុជា​ គឺមាន ១៩,៣ពាន់លានដុល្លារ។​ រីឯការនាំ ចូលវិញគឺមាន ២៨,៧​ ពាន់លានដុល្លារ។ នេះបើយោង​តាម​ស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​​​៕

ដោយ៖ សូរិយា


ចែករំលែក៖