សារព័ត៌មាន CNN នៅថ្ងៃទី ១៩ខែមេសា បានដកស្រង់ប្រភពព័ត៌មានពីក្រុមចារកម្មអាមេរិកបានឱ្យដឹងថា អាវុធជាច្រើនរបស់អាមេរិកបានផ្ញើទៅកាន់ប្រទេសអ៊ុយក្រែនគឺបាត់ស្រមោលឈឹងមិនអាចតាមដានបានថាតើអាវុធទាំងនោះទៅដល់ទីណាឡើយ។
ប្រភពព័ត៌មានពីក្រុមចារកិច្ចអាមេរិកបានឱ្យដឹងថា «យើងអាចតាមដានបានតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ ហើយក្នុងពេលដែលអាវុធទាំងនោះចូលទៅដល់តំបន់គ្របដណ្តប់ដោយផ្សែងនៃសង្គ្រាមគឺយើងមិនអាចតាមដានបាននោះឡើយ ដោយបាត់សញ្ញាតែម្តង។ មន្ត្រីចារកិច្ចអាមេរិកបានប្រាប់សារព័ត៌មាន CNN ថា «អាវុធទាំងនោះដូចជាបានធ្លាក់ចូលក្នុង រណ្តៅខ្មៅដ៏ធំមួយ ធ្វើឱ្យយើងបាត់សញ្ញាតាមដានតែម្តង។
ជាមួយគ្នានេះដែរ រដ្ឋាភិបាលរបស់ប្រធានាធិបតីចូ បៃឌិន ក៏បានប្រកាសដែរថា អាវុធដែលអាមេរិកផ្តល់ទៅឲ្យអ៊ុយក្រែន អាចធ្លាក់ចូលក្នុងដៃក្រុមទាហានផ្តាច់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។ តាមសារព័ត៌មាន CNN ដោយសារតែមិនមានទាហានអាមេរិកនៅក្នុងទឹកដីអ៊ុយក្រែន ព័ត៌មានទាំងឡាយដែលទីក្រុងវ៉ាស៊ីនតោនទទួលគឺពឹងផ្អែកទៅលើទីក្រុងកៀវទាំងអស់។
កាលពីថ្ងៃទី១៨ ខែមេសា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកIgor Konashe បានប្រកាសថា អាវុធមួយចំនួនធំដែលអាមេរិក និងអឺរ៉ុបផ្ញើទៅឱ្យអ៊ុយក្រែន ក្នុងរយៈពេល៦ថ្ងៃកន្លងមកបានរងការបំផ្លាញដោយមីស៊ីលរបស់រុស្ស៊ី៕
ដោយ៖ ធីរីណា