នៅព្រឹកថ្ងៃទី២១ខែមេសានេះ អុីស្រាអែលបានបើកការវាយប្រហារទៅលើទីតាំងនានានៅក្នុងតំបន់កាហ្សា ដើម្បីតបតទៅនឹងការវាយប្រហារដោយមីស៊ីលពីភាគីប៉ាឡេស្ទីននៅកាហ្សា ។
បណ្តាញព័ត៌មាន Sputnik របស់រុស្ស៊ីបានផ្សាយថា នៅព្រឹកថ្ងៃទី២១ខែមេសា មានសំឡេងផ្ទុះអាវុធជាច្រើននៅក្នុងតំបន់កាហ្សា ដោយការវាយប្រហារពីយន្តហោះគ្មានមនុស្សបើក Hermes 900 ។ ក្រៅពីនេះក៏មានការវាយប្រហារផ្សេងទៀតដោយយន្តហោះចម្បាំង F-15 Ra’am របស់កម្លាំងទាហានអាកាសអុីស្រាអែលផងដែរ ។ ការវាយប្រហារសំដៅទៅលើទីតាំង នៅក្នុងតំបន់ Deir al-Balah នៅកណ្តាលទីក្រុងកាហ្សា និងតំបន់ Isa Batran នៅភាគខាងលិចតំបន់នេះ។
ពេលនេះនៅមិនទាន់មានសេចក្តីរាយការណ៍អំពីអ្នកស្លាប់ ឬរងរបួសឡើយ។ ដោយឡែក យោធាអុីស្រាអែលបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះចម្បាំងរបស់ខ្លួនបានវាយប្រហារចំប៉ុស្តិ៍សន្តិសុខ និងផ្នែកមួយនៃទីតាំងក្រោមដី ដែលប្រើសម្រាប់ផលិតម៉ាស៊ីនរ៉ុក្កែត។ សកម្មភាពនេះ គឺដើម្បីឆ្លើយតបនឹងគ្រាប់រ៉ុក្កែតដែលបាញ់ចេញពីតំបន់ហ្គាហ្សានិងបានវាយប្រហារភាគខាងត្បូង ប្រទេសអុីស្រាអែល បណ្តាលឱ្យខូចខាតផ្ទះមួយខ្នង ប៉ុន្តែមិនមានអ្នករងរបួសនោះទេ។
ការកើនឡើងនៃអំពើហិង្សាក្នុងប្រទេសអុីស្រាអែល និងទឹកដីប៉ាឡេស្ទីន បានបង្កើនភាពភ័យខ្លាច ចំពោះការរុញច្រានឱ្យត្រឡប់ទៅរកជម្លោះកាន់តែធំ។ ចាប់តាំងពីខែមីនាមក កងកម្លាំងអុីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន យ៉ាងហោចណាស់២៩នាក់នៅក្នុងការវាយឆ្មក់នៅឯតំបន់វេសបេង (West Bank) ខណៈដែលការវាយប្រហារតាមដងផ្លូវក៏បានសម្លាប់មនុស្ស១៤នាក់ នៅក្នុងប្រទេសអុីស្រាអែលផងដែរ៕
ដោយ៖ ធីរីណា(រូបថត៖Reuters )