ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបានប្រជាពលរដ្ឋដេញឃាត់ខ្លួនរួចប្រគល់ជូនសមត្ថកិច្ចដែលជាប់ពាក់ព័ន្ធករណីឆ្កឹះសោផ្ទះបំណងចូលលួចទ្រព្យសម្បត្តិ កាលពីវេលាម៉ោង១៤និង៣០នាទីរសៀលថ្ងៃ២១ខែមេសា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ៩៦ ផ្លូវបេតុង ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យទី១ឈ្មោះ វ៉ន ពង្ធ្រិពល ភេទប្រុសអាយុ៤០ឆ្នាំ ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
ទី២ឈ្មោះ ហ៊ួន ម៉ានីឧត្តម ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
តាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកេីតហេតុខណៈបុរសជាប្តីទៅវត្តបាត់ទុកប្រពន្ធឱ្យនៅចាំផ្ទះ លុះមកដល់វេលាកេីតហេតុស្រាប់តែឃេីញមានជនសង្ស័យចំនួន២នាក់កំពុងធ្វេីសកម្មភាពឆ្កឹះសោផ្ទះបំណងចូលលួចទ្រព្យសម្បត្តិ ភ្លាមនោះស្ត្រីជាប្រពន្ធក៏បានខលប្រាប់ប្តីថាមានចោរកំពុងឆ្កឹះសោផ្ទះហេីយ។
ប្រភពដដែលបានបន្តថា ភ្លាមនោះបុរសជាប្តីក៏បានមកដល់ភ្លាមៗហេីយសួរនាំជនសង្ស័យទាំង២នាក់ពួកឯកកំពុងធ្វេីអ្វី? បន្ទាប់មកជនសង្ស័យទាំង២ក៏បានរត់គេចខ្លួនទេីបជនរងគ្រោះដេញស្រែកថាចោរបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនាំគ្នាដេញចាប់តែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដេីម្បីចាត់ការតាមច្បាប់៕
ដោយ៖សុខាសែនជ័យ