ព័ត៌មានទាន់ហេតុការណ៍៖

ចោរលួចកាបូបអ្នកលក់ចាប់ហួយត្រួវបានកម្លាំងនគរបាលនៃអធិការស្រុកសាលាក្រៅឃាត់ខ្លួនម្នាក់តាមពាក្យបណ្ដឹង

ចែករំលែក៖

ខេត្តប៉ៃលិន ៖ បើតាមរបាយការណ៍របស់មន្ត្រីនគរបាលជំនាញអធិការស្រុកសាលាក្រៅបានឲ្យដឹងថា÷នៅវេលាម៉ោង ១២និង០០នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ កម្លាំងជំនាញផែននគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ជិន អ៊ាង ភេទស្រី អាយុ ៥៩ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ថា មានករណី លួច (កាបូបលុយ) ។

 ក្រោយពីមន្ត្រីសមត្តកិច្ចជំនាញបានសួរនាំជនរងគ្រោះជាម្ចាស់កាបូប បានរៀបរាប់ថា៖ កាលពីវេលាម៉ោង ១៣និង៣០នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២មានចោរលួចកាបូបលុយបាត់នៅចំណុចកន្លែងតូបលក់ចាប់ហួយ  ស្ថិតក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

 ក្រោយពីបានទទួលពាក្យបណ្ដឹងរួច កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលស្ទឹងកាច់ ធ្វើការស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ នៅផ្ទះរបស់ជនសង្ស័យ ដែលស្ថិតនៅក្នុងភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

   -សម្ភារៈដែលបាត់រួមមាន៖ ប្រាក់ដុល្លារចំនួន ១,០០០ ដុល្លារ  ប្រាក់រៀលចំនួន ៦០០,០០០ រៀល  ប្រាក់បាតចំនួន ២,០០០បាត ខ្សែដៃ ចំនួន ០២ខ្សែ ។

សមត្តកិច្ចនគរបាលជំនាញបានបន្តថា÷ជនសង្ស័យឈ្មោះ ស៊ុយ ណាង ភេទស្រី អាយុ ៤២ឆ្នាំ មុខរបរកសិករ រស់នៅភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

 សមត្តកិច្ចនគរបាលជំនាញនៃអធិការស្រុកសាលាក្រៅបានបន្តទៀតថា÷វត្ថុតាងដែលបានដកហូតពីជនសង្ស័យរួមមាន៖

ទី១. ប្រាក់ដុល្លារ ២០០ដុល្លារ ប្រាក់ខ្មែរ ១៥០,០០០រៀល ។

ទី២. ខ្សែដៃ ០២ខ្សែ (ជារបស់ជនរងគ្រោះ)

ទី៣. ម៉ូតូចំនួន ០១គ្រឿង ម៉ាកHONDA AIR BLADE ពណ៌ខ្មៅ គ្មានស្លាកលេខ (ជាមធ្យោបាយបម្រើក្នុងសកម្មភាពលួច)។

  បញ្ជាក់៖ ជនសង្ស័យបានសារភាពថា÷ខ្លួនពិតជាបានលួយយកកាបូបលុយរបស់ជនរងគ្រោះខាងលើពិតមែន ហើយជនសង្ស័យនេះ ជាមុខសញ្ញាបន្លំលួចកាបូប នៅតាមតូបលក់ចាប់ហួយយ៉ាងសកម្ម ។

បច្ចុប្បន្ន៖ ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីបន្តនីតិវិធី ៕

ដោយ៖ស សារ៉េត


ចែករំលែក៖