ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូស បញ្ជាក់អំពីសារសំខាន់នៃទំនាក់ទំនងយូរលង់ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋអ៊ីតាលី និង បានជំរុញលើកទឹកចិត្តឱ្យពង្រឹង និងលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទ្វេភាគី នៅក្នុងឱកាស លោក Lorenzo GALANTI ឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំកម្ពុជា មាននិវេសនដ្ឋាន នៅទីក្រុងបាងកក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២២។
ក្នុងក្របខ័ណ្ឌទ្វេភាគី លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីអំពីការអរគុណយ៉ាងជ្រាលជរបស់ កម្ពុជា ចំពោះរដ្ឋាភិបាលអ៊ីតាលីដែលបានផ្តល់អំណោយវាក់សាំងអាស្ដ្រាហ្សែននិកា (Astra Zeneca) ចំនួន ១៥៦លានដួសដល់កម្ពុជា ហើយដែលត្រូវបានរៀបចំពិធីទទួលផ្ទាល់ដោយ សម្តេចតេជោ នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២២ ដែលជំនួយនេះបានបង្ហាញពីសាមគ្គីភាពជាសកល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ក្នុងស្មារតីសាមគ្គីភាពជាសកលនេះ លោកឧបនាយករដ្ឋមន្តី បានគូសបញ្ជាក់ថា កាលពីពេលកន្លងមក កម្ពុជាបានអនុញ្ញាតឱ្យនាវាទេសចរ Westerdam ដែលត្រូវ បានបដិសេធការចូលចតដោយប្រទេសមួយចំនួន ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បាន ផ្តល់ជំនួយវ៉ាក់សាំង និងគ្រឿងបរិក្ខាវេជ្ជសាស្ត្រទៅប្រទេសមួយចំនួនរួមមាន មីយ៉ាន់ម៉ា ឡាវ វៀតណាម នេប៉ាល់ និងទីម័រខាងកើត ជាដើម និងបានបញ្ចូនកងកម្លាំងកម្ពុជាជាង៨ពាន់នាក់ទៅចូលរួមក្នុងបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅតាមប្រទេសមួយចំនួន។
លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អប្រសើរដែលបានស្តែងឱ្យ ឃើញតាមរយៈការផ្លាស់ប្តូរពាណិជ្ជកម្ម និងវត្តមាននៃម៉ាកផលិតផល និងហាងអាហារល្បីៗរបស់អ៊ីតាលី នៅក្នុងប្រទេសកម្ពុជា ដោយបានគូសបញ្ជាក់ថា បើទោះបីស្ថិតក្នុងវិបត្តិនៃជំងឺកូវីដ-១៩ក្ដី ទំហំពាណិជ្ជកម្ម ទ្វេភាគីមានស្ថិរភាពល្អ និងបន្តកើនឡើងលំដាប់ ព្រមទាំងបានលើកទឹក ចិត្តឱ្យភាគីទាំងពីររិះរកមធ្យោបាយ ប្រកបដោយប្រសិទ្ធភាពបន្ថែមទៀតដើម្បីជំរុញកំណើនទំហំពាណិជ្ជកម្ម។ លោកឧបនាយករដ្ឋមន្តី្រ បានស្នើឱ្យអីតាលីពិនិត្យពិចារណាឡើងវិញអំពីការយកពន្ធខ្ពស់លើការនាំចូលអង្កររបស់កម្ពុជា។ លោកក៏បានថ្លែងអំណរគុណចំពោះអីតាលីផងដែរ ដែលបានផ្តល់ជំនួយដល់កម្ពុជាក្នុងវិស័យវប្បធម៌ ក្រោម ក្របខ័ណ្ឌអាជ្ញាធរជាតិអប្សរា តាមរយៈការបណ្ដុះបណ្ដាលអ្នកជំនាញអភិរក្សប្រាសាទបុរាណខ្មែរ។ ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានកោតសរសើរចំពោះលទ្ធផលដ៏ល្អប្រសើរនៃយុទ្ធនាការចាក់ វ៉ាក់សាំងនៅកម្ពុជា និងបានថ្លែងអំណរកម្ពុជាដែលបានចាក់វាក់សាំងដោយឥតគិតថ្លៃជូនដល់ជនជាតិអ៊ីតាលី ដែលស្នាក់នៅក្នុងប្រទេសកម្ពុជា ហើយនិងការផ្តល់នូវកិច្ចសហការដ៏ល្អរបស់ក្រសួងការបរទេស ជូនចំពោះ លោក ក្នុងការបំពេញភារកិច្ចរបស់ខ្លួន។
ក្នុងក្របខ័ណ្ឌអាស៊ាន លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូន ឯកឧត្តមឯកអគ្គរដ្ឋទូត ដោយត្រួសៗអំពី សភាពការណ៍ និងការប្រឈមជាក់ស្ដែងនៅមីយ៉ាន់ម៉ា ហើយនិងលទ្ធផលនៃទស្សនកិច្ចលើកទី១ របស់ លោកទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា ព្រមទាំង ជំហានការងារនាពេលបន្ទាប់ សំដៅជំរុញការអនុវត្តការឯកភាពជាឯកច្ឆន្ទ៥ចំណុចរបស់ថ្នាក់ដឹកនាំអាស៊ាន។
លោកឯកអគ្គរដ្ឋទូត បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងនាមជាប្រធានអាស៊ាននាពេលបច្ចុប្បន្ន និងការខិតខំរបស់ ឯកឧត្តមឧបនាយករដ្ឋមន្តី ផ្ទាល់ ក្នុងនាមជាប្រេសិតពិសេស ក្នុងការរកដំណោះស្រាយចំពោះវិបត្តិចាក់ស្រេះនៅមីយ៉ាន់ម៉ា ព្រមទាំង បានសម្តែងនូវក្តីសង្ឈឹមថា កម្ពុជានឹងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កាចំពោះវិបត្តិមីយ៉ាន់ម៉ា នាពេល ខាងមុខ។ លោកឯកអគ្គរដ្ឋទូត ក៏បានវាយតម្លៃខ្ពស់ចំពោះការផ្តោតការយកចិត្តទុកដាក់របស់ លោក ឧបនាយករដ្ឋមន្ត្រី លើបញ្ហាចែកចាយជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា។ ឯកឧត្តម ក៏បានថ្លែង អំណរគុណចំពោះកម្ពុជាផងដែរដែលបានគាំទ្រអ៊ីតាលីជាដៃគូសន្ទនារបស់អាស៊ាន។
លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះអ៊ីតាលីដែលបានផ្តល់ជំនួយដល់មជ្ឈមណ្ឌល តំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) ហើយដែលជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានអះអាងជាថ្មី នូវការបន្តគាំទ្រ និងជួយឧបត្ថម្ភរបស់ប្រទេសអ៊ីតាលីចំពោះមជ្ឈមណ្ឌល ARMAC នេះ។
ដោយឡែកសម្រាប់កិច្ចសហប្រតិបត្តិការលើវេទិកាអន្តរជាតិនានា ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបជូន លោកឧបនាយករដ្ឋមន្ត្រី អំពីការដាក់បេក្ខភាពអ៊ីតាលីជាប្រទេសរៀបចំ World Expo 2030 ព្រមទាំង បានស្នើសុំការគាំទ្រពីកម្ពុជា។ លោក ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះកម្ពុជាផងដែរ ដែលបានគាំទ្របេក្ខភាពរបស់អ៊ីតាលីនៅក្នុងស្ថាប័នជំនាញផ្សេងៗរបស់អង្គការសហប្រជាជាតិ។
លោកឧបនាយករដ្ឋមន្ត្រី និង លោកឯកអគ្គរដ្ឋទូត ក៏បានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកផងដែរ អំពីបញ្ហាតំបន់ និងអន្តរជាតិសំខាន់ៗដែលកំពុងកើតឡើង៕
ដោយ ៖ សុខ ខេមរា