ខេត្តបាត់ដំបង ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀន ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងថា÷ ក្រោយការសាកសួរជនសង្ស័យលំអិតលើបុរស ស្ត្រី ចំនួន២១នាក់ សមត្ថកិច្ចជំនាញបានកំណត់មុខសញ្ញាល្មើសចំនួន ២នាក់បានពាក់ព័ន្ធផ្ទាល់ក្នុងករណីរក្សាទុក និងជួញដូរគ្រឿងញៀននៅក្នុងក្លឹបខារ៉ាអូខេសាច់អាំងរតន: ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ហើយក៏នាំខ្លួនរួចបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២៦ ខែមេសាឆ្នាំ២០២២នេះ ។
ចំណែកបុរស ស្ត្រីចំនួន១៩នាក់ផ្សេងទៀតដែលជាប់ពាក់ព័ន្ធប្រយោលត្រូវនគរបាលជំនាញអនុវត្តវិធានការអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឍប់ រួចឲ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញ។
លោកនាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការខេត្តបានបន្តថា÷ជនសង្ស័យដែលពាក់ព័ន្ធផ្ទាល់ទាំង ២នាក់ខាងលើ មានឈ្មោះទុន សុភ័ក្រ្ត ភេទប្រុស អាយុ៤២ឆ្នាំរស់នៅក្នុងភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ជាមេការ និងជាអ្នកជួញដូរ រក្សាទុកគ្រឿងញៀនផ្ទាល់ និងជនសង្ស័យម្នាក់ទៀតឈ្មោះជា សុខមុន្នី ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាថៅកែជួលទីតាំងធ្វើអាជីវកម្មខារ៉ាអូខេ។
លោកនាយការិយាល័យជំនាញបន្តទៀតថា÷ក្នុងប្រតិបត្តិការបង្ក្រាប កម្លាំងចម្រុះបានឆែកឆេរដកហូតបាននូវវត្ថុតាងរួមមាន: ថ្នាំញៀនប្រភេទកេតាមីន KETA MINE ចំនួន ៣ថង់ទម្ងន់ ២,៧៧ ក្រាម និងថ្នាំញៀនប្រភេទអ៊ុចស្តាស៊ី MD MA ចំនួន ៣គ្រាប់ទម្ងន់ ១,១១ក្រាម ព្រមទាំងរថយន្តមួយគ្រឿងផងដែរ ម៉ាកកាម៉ារីឆ្លាម ពណ៌ឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ ២L-២៥០១។
ករណីនេះក្រុមសមត្ថកិច្ចជំនាញចម្រុះចុះបំបែកសំណុំរឿងកាលពីជិតរំលងអធ្រាត្រថ្ងៃទី២៤ ឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ត្រង់ចំណុចភូមិ -ឃុំកើតហេតុខាងលើ។
ក្រោយពីសាកសួររួចកម្លាំងការិយាល័យនគរបាលជំនាញក៏បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង២នាក់ទៅសាលាដំបូងខេត្តបាត់ដំបង៕
ដោយ៖ស សារ៉េត