ខេត្តស្ទឹងត្រែង ៖ លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន , នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង មេបញ្ជាការបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ លោកស្រីបណ្ឌិត កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែននិងជា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងរួមដំណើរដោយ លោកមេបញ្ជាការរងវិស្វកម្ម លោក ស្នងការ ស្នងការរង មន្រ្តីជំនាញនៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន និងនាយទាហានជំនាញជាច្រើនរូបទៀត បានអញ្ជើញចុះត្រួតពិនិត្យ ការដ្ឋានស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-ឡាវ ដែលស្ថាបនាដោយកងឯកភាពស្ថាបនាថ្នល់ – ស្ពានលេខ ៧១៥និងកងឯកភាពស្ថាបនាថ្នល់លេខ ៧១៧ នៃបញ្ហាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ លើភូមិសាស្រ្ត ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នាថ្ងៃអង្គារ ១០រោចខែចេត្រឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២២ ។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ត្រី សុខ សុផល, និងឧត្តមសេនីយ៍ត្រី សេង អិត មេបញ្ជាការកងឯកភាពទាំង២ បានរាយការណ៍ជាបន្តបន្ទាប់ ជូនគណៈប្រតិភូជ្រាបអំពីសកម្មភាព និងលទ្ធផល នៃការស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-ឡាវ លើភូមិសាស្ត្រ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។
ថ្លែងក្នុងឱកាសនោះ លោក វ៉ា គឹមហុង បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសកម្មភាពស្ថាបនាផ្លូវនិងសំណង់មុខទឹករបស់មេបញ្ជាការ មេបញ្ជាការរង កងឯកភាព ទាំង២ និងនាយទាហាន នាយទាហានរង ពលទាហានទាំងអស់ ដែលក្នុងរយៈពេលកន្លងមក ទោះបីជាស្ថិតក្នុងបរិបទនៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៍កងឯកភាព ទាំងពីរបានយកចិត្តទុកដាក់ ពុះពារជម្នះរាល់ឧបសគ្គ-ការលំបាកគ្រប់បែបយ៉ាង ខិតខំប្រឹងប្រែង ធ្វើការស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-ឡាវ លើភូមិសាស្ត្រ ស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង រហូតមកដល់ថ្ងៃនេះ សម្រេចបានលទ្ធផលយ៉ាងច្រើន គួរជាទីមោទន:បំផុត ។
ក្នុងខណៈនោះដែរ លោកមានប្រសាសន៍បញ្ជាក់ថា សមិទ្ធផលផ្លូវខ្សែក្រវាត់ព្រំដែនទាំងអស់នេះជាមរតកប្រវត្តិសាស្រ្ត មានតម្លៃជាយុទ្ធសាស្ត្រមិនអាចកាត់ថ្លៃបាន ហើយសរេចជាចេញជារូបរាងយ៉ាងល្អរឹងមាំពីម្លប់សន្តិភាព ក្រោមការអនុវត្តនយោបាយកសាងព្រំដែន ដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានដាក់ចេញ : <<កសាងខ្សែព្រំដែន ជាមួយប្រទេសជិតខាង ជាខ្សែព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ ប្រកបដោយចីរភាព >> ដោយដើរទន្ទឹមនឹងការអនុវត្តគោលការណ៍ << កសាងខឿនការពារប្រទេស គឺជារបស់ប្រជាជន >> ៕
ដោយ ៖ សិលា