ខេត្តកំពង់ចាម ៖ នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំ លោក-លោកស្រីស្នងការរង នាយការិយាល័យជំនាញ លោកអធិការនគរបាលស្រុក និងមន្រ្តីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត បានចូលរួមគោរពវិញ្ញាណក្ខន្ធសព និងបំពាក់ឋានន្តរស័ក្តិជាកិច្ចបច្ឆាមរណៈថ្នាក់វរសេនីយ៍ទោជូនសពលោកវរសេនីយ៍ត្រី ទឹម សុធា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកោះរកា នៃអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដែលបានទទួលមរណភាព កាលពីយប់ថ្ងៃអាទិត្យ ទី២៤ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង០២:១៣នាទីយប់ ក្នុងជន្មាយុ៥២ឆ្នាំ ដោយពលីក្នុងពេលបំពេញបេសកកម្មការងារជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ។
នៅក្នុងឱកាសដ៍ក្រៀមក្រំនេះដែរ លោកឧត្តមសេនីយ៍ ឯម កុសល ក៏បាននាំយកបច្ច័យនិងគ្រឿងឧបភោគបរិភោគដ៏ជ្រះថ្លារបស់លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិមានថវិកាចំនួន ៦,០០០,០០០ រៀល អង្ករ១បេ(៥០គីឡូក្រាម) ទឹកក្រូច៤កេស មី២កេស ទឹកសុទ្ធ២កេស ម៉ាស់៨ប្រអប់ ដេីម្បីចូលរួមក្នុងពិធីបុណ្យសព ដែលសរុបជាបច្ច័យរួមចំនួន៦,៣០០,០០០រៀល ។
បន្ទាប់ពីដឹកនាំកងម្លាំងគោរពវិញ្ញាណក្ខន្ធសពលោកនាយប៉ុស្តិ៍កោះរការួច លោកឧត្តមសេនីយ៍ស្នងការក៍៏បាន អមដំណេីរលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជេីញគោរពវិញ្ញាណក្ខន្ធសពផងដែរ ៕
ដោយ៖អ្នកប្រមាញ់