ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត ហ៊ុន ម៉ាណែត ៖ សន្តិភាពមានតម្លៃដ៏លើសលប់ នៅពេលដែលសង្រ្គាមកើតទ្បើង

ចែករំលែក៖

ភ្នំពេញ ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពអនាគតនាយករដ្ឋមន្ត្រី បានគូសរំលេចថា «សន្តិភាពមានតម្លៃដ៏លើសលប់បំផុត នៅពេលដែលមានសង្រ្គាមកើតទ្បើង»។

លោកថ្លែងបែបនេះ ពេលលោកតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តត្រពាំងអំពិល និងបើកការដ្ឋានស្ថាបនាផ្លូវបេតុង ០១ ខ្សែ ប្រវែង ៥.០០០ ម៉ែត្រ ស្ថិតក្នុងឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «សន្តិភាព មានតម្លៃដ៏លើសលប់នៅពេលដែលសង្រ្គាមចាប់ផ្តើមកើតទ្បើង។ គុណតម្លៃនេះប្រៀបបានទៅនឹងខ្យល់អុកស៉ីសែន ដែលជាតម្រូវការចាំបាច់សម្រាប់ការរស់រាន មានជីវិត ប៉ុន្តែជាធម្មតាគេមិនសូវជាចាប់អារម្មណ៍ និងឱ្យតម្លៃនោះទេ»។

លោកបន្តថា ក្នុងន័យនេះ សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា បានប្តេជ្ញាធ្វើយ៉ាងណាថែរក្សាសនិ្តភាព ដែលរកមកបានដោយលំបាកនេះ ឱ្យនៅឋិតឋេរគង់វង្ស ជូនប្រជាពលរដ្ឋ ជាម្ចាស់ស្រុកបាន យូរអង្វែងច្រើនជំនាន់ ឱ្យសាកសមទៅនឹងទំនុកចិត្តដែលបានផ្តល់ជូន ទន្ទឹមនឹងនេះ ក៏នឹងបន្តពង្រីក ឱកាសសម្រាប់ជីវភាព ចម្រុងចម្រើនថែមទៀតរបស់ប្រជាពលរដ្ឋ។

បើតាមបណ្ឌិត ហ៊ុន ម៉ាណែត, សម្តេចតេជោ បានយកគោលនយោបាយបង្រួបបង្រួមជាតិ និងការសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋជាកត្តាចម្បងអាទិភាពខ្ពស់បំផុត ដែលសក្ខីភាពនេះបានបង្ហាញច្បាស់តាមរយៈភាពអង់អាច ក្លាហានរបស់សម្តេច ក្នុងការចូលរួមផ្តួលរំលំរបបប៉ុលពត ការចចារបញ្ចប់ សង្គ្រាមរុំារ៉ៃ នាំមកនូវសន្តិភាពពេញលេញ និងក្នុងដំណាក់កាលចុងក្រោយនេះ សម្តេចបានដឹកនាំ និងនាំមុខ ក្នុងយុទ្ធនាការ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ រហូតទទួលបានជោគជ័យគួរជាទីមោទនៈ។

ក្នុងឱកាសនោះ បណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះសមិទ្ធផលដែលបានកើតទើ្បងជាបន្តបន្តាប់នៅក្នុងទីអារាមនេះ និងកោតសរសើរ ចំពោះការខិតខំដឹកនាំកៀរគរកម្លាំងសប្បុរសធម៌រួបរួមសាមគ្គីគ្នា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធទាំងនេះ សម្រាប់ជាទីសក្ការៈ និងប្រើប្រាស់តាមគន្លងប្រពៃណីសាសនានៃយើង។ បច្ចុប្បន្ន ប្រជាពលរដ្ឋយើងមានជីវភាពរស់នៅកាន់តែល្អប្រសើរ ដូច្នេះយើងមានលទ្ធភាពធនធានគ្រប់គ្រាន់ ក្នុងការធ្វើបុណ្យធ្វើទានផ្សេងៗ និងចូលរួមកសាងសមិទ្ធផលបានច្រើន ជាឧត្តមប្រយោជន៍ក្នុងវិស័យសាសនា និងសង្គម ស្របតាមស្ថានភាពអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិយើង។

លោកបន្តថា «បើយើងគិតពីចំនួនវត្តអារាមនៅទូទាំងប្រទេសរហូតដល់ជាង ៥,០០០ វត្ត គឺរដ្ឋមិនមានលទ្ធភាពក្នុងការកសាងបានច្រើនសម្បូរបែបដូចនេះឡើយ ប៉ុន្តែដោយផ្អែកទៅលើវប្បធម៌នៃការចែករំលែករបស់ខ្មែរយើង និងការចូលរួមរបស់បងប្អូនពុទ្ធបរិស័ទ សប្បុរសជនទាំងក្នុងនិងក្រៅស្រុក ដែលមានជំនឿ និងសទ្ធាជ្រះថ្លាលើសាសនា ទើបអាចសម្រេចបានសមិទ្ធផលដ៏ថ្លៃថ្លាជាច្រើនដូចសព្វថ្ងៃនេះ»៕

ដោយ ៖ សហការី


ចែករំលែក៖