ខេត្តបាត់ដំបង ៖ កម្លាំងនគរបាលស្រុកបវេល បានឃាត់ខ្លួនជនដៃដល់ម្នាក់ ប្រេីកាំបិតខ្វែវកាប់ទៅលើស្ត្រីម្នាក់បណ្តាលឱ្យស្លាប់ ព្រោះតែរឿងគំនុំ។ នេះបេីយោងតាមប្រភពព័ត៍មានពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលទទួលបាននៅព្រឹកថ្ងៃចន្ទទី០២ ខែឧសភា ឆ្នាំ២០២២។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា លោវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានដឹកនាំកម្លាំងធ្វើការបង្ក្រាបករណីឃាតកម្មមួយកើតឡើង (ប្រើកាំបិតខ្វែវ) បណ្តាលឱ្យស្ត្រីម្នាក់ស្លាប់បាត់បង់ជីវិត នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០៧ និង៤០នាទីព្រឹក ត្រង់ចំណុចក្រុមទី២៤ ភូមិយុត្តិធម៌ ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង។
របាយការណ៍ដដែល បានបន្តថា ករណីឃាតកម្មនេះបង្កឡើងដោយជនសង្ស័យ ឈ្មោះ សឿន សុខណា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅក្រុមទី០១ ភូមិអូរឫស្សី ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង បានយកកាំបិតខ្វែវទៅកាប់លើជនរងគ្រោះ ឈ្មោះ ឡាច គី ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅក្រុមទី២៤ ភូមិយុត្តិធម៌ ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ចំនួន០៣កាំបិត ចំត្រង់កផ្នែកខាងក្រោយមួយកាំបិតត្រង់ស្មាខាងឆ្វេង មួយកាំបិតម្រាមដៃខាងស្តាំ និងមួយកាំបិត បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈពេលជនរងគ្រោះកំពុងធ្វើម្ហូបដាំបាយនៅខាងក្រោយផ្ទះ។
ក្រោយឃាត់ខ្លួនជនដៃដល់បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តិអំពើឃាកម្មខាងលើពិតប្រាកដមែន ក្រោមមូលហេតុមានគំនុំនឹងជនរងគ្រោះ។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់៕
ដោយ៖ សហការី