ខេត្តស្ទឹងត្រែង ៖ បើតាមការបញ្ជាក់ពីលោក ស្រី សម វិចិត្រ នាយខណ្ឌរដ្ឋបាលជលផលស្តីទីខេត្តស្ទឹងត្រែង បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃចន្ទទី២ ខែឧសភា ឆ្នាំ២០២២នេះថា៖ មន្ត្រីជំនាញ និងចាត់វិធានការតាមផ្លូវច្បាប់ ករណីអ្នកប្រព្រឹត្តបទល្មើសមិនអនុវត្តតាម គឺចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២នេះតទៅ ដល់រដូវបិទនេសាទ ក្នុងខេត្តស្ទឹងត្រែង។ សម្រាប់តំបន់ខេត្តស្ទឹងត្រែង រយៈពេល ៦ ខែក្រោយ គឺអនុញ្ញាតឱ្យនេសាទជាធម្មតាវិញ នៅថ្ងៃទី១ ខែតុលា។
លោកនាយខណ្ឌរដ្ឋបាលជលផលស្តីទីរូបនេះ បានបន្ថែមថា៖ សម្រាប់ខេត្តស្ទឹងត្រែង ដែលមានដងទន្លេ ចំនួនបួនគឺ ទន្លេមេគង្គ ទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក ដែលជាជម្រកត្រីពង បន្តពូជពងកូន ក្នុងរដូវនេះ ដើម្បីធានាឱ្យបាន នូវធនធានជលផល កាន់តែសំបូរឡើងវិញ។
ជាមួយគ្នានេះលោក ស្រី សមវិចិត្រ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន ក្នុងរដូវបិទនេសាទ ដែលច្បាប់ហាមឃាត់នេះ។ លោកក៏សុំសំណួមពរ ដល់សមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ និងសហគមន៍ ចូលរួមចាត់វិធានការ ទៅលើអ្នកប្រព្រឹត្តបទល្មើស ដែលឆ្លៀតឱកាសក្នុងរដូវបិទនេសាទ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។ ចំពោះឧបករណ៍ដែលផ្ទុយទៅនឹងច្បាប់ហាមឃាត់ មានដូចជា ឧបករណ៍ឆក់, គ្រឿងបំផ្ទុះ, ថ្នាំបំពុល, មងបណ្ដែតវែង, ស្បៃអួន, ស្បៃមុង, ដាយជាដើម។
លោកនាយខណ្ឌរដ្ឋបាលជលផល បានបន្តថា ជាជំហានដំបូងមន្ត្រីជំនាញចាប់ផ្ដើមធ្វើការអប់រំផ្សព្វផ្សាយគ្រប់មធ្យោបាយ ដើម្បីឲ្យប្រជាពលរដ្ឋ បានជ្រាបជាមុន។ ក៏ប៉ុន្តែករណី នៅតែប្រព្រឹត្ត បទល្មើស តទៅទៀត នឹងត្រូវប្រឈមមុខចំពោះការអនុវត្តច្បាប់។
គួបញ្ជាក់ថា ក្នុងរដូវបិទនេសាទ គិតចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ គេអាចនេសាទបាន មានឧបករណ៍ជាលក្ខណៈគ្រួសារ ដូចជា៖ លប, សំណាញ់, សៃយ៉ឺន, សន្ទូចផ្លែមួយ, ចាន់, តុម, អង្រុត និងឧបករណ៍មួយចំនួនទៀតដែលច្បាប់អនុញ្ញាតឱ្យ៕
ដោយ៖អារុណរះ