ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ករណីហិង្សាដោយចេតនា

ចែករំលែក៖

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចនគរបាលឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ក្នុងករណីហឹង្សាដោយចេតនាខណៈស្រវឹងស្រាកាប់ទៅលើអ្នកភូមិបណ្ដាលឱ្យរងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣៥នាទីយប់ថ្ងៃទី០១ខែឧសភាឆ្នាំ២០២២ស្ថិតនៅត្រង់ចំណុចភូមិសាម៉រ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាស្ត្រីសង្ស័យមានឈ្មោះ មុំ ណាក់ អាយុ៤៦ឆ្នាំមុខរបរកសិករ មានទីលំនៅភូមិសាម៉រ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

ចំណែកជនរងគ្រោះមានឈ្មោះ ហិន ផល្លី អាយុ៥១ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិឃុំកើតហេតុជាមួយគ្នាដោយរងរបួសត្រូវមួយកាំបិតចំក្បាលបណ្តាលឱ្យរងរបួសធ្ងន់ត្រូវបានបងប្អូនក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្វាយទាប។

តាមអ្នកភូមិបានឱ្យដឹងថាមុនកើតហេតុស្ត្រីសង្ស័យបានផឹកស្រាឡើងស្រវឹងជោកហើយមានជម្លោះពាក្យសម្ដីជាមួយបុរសរងគ្រោះរហូតឈានដក់ប្រើហិង្សាខណៈបានដើរទៅយកកាំបិតហើយកាប់ចំក្បាលបណ្តាលឱ្យហូរឈាមស្រោចខ្លួនបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសារទាំងយប់។

ក្រោយពីបង្កហិង្សាស្ត្រីសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលធ្វើការឃាត់ខ្លួនយកទៅសាកសួរ ។

ចំណែកបុរសរងគ្រោះត្រូវបានបងប្អូនក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្វាយទាប ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖