ខេត្តស្វាយរៀង ៖ មានករណីភ្ញាក់ផ្អើលនៅផ្ទះជួលមួយកន្លែងខណៈដែលគេប្រទះឃើញបុរសជនជាតិថៃម្នាក់ដេកស្លាប់ដោយមិនដឹងពីមូលហេតុនៅក្នុងបន្ទប់ ហើយបងប្អូនដែលឃើញករណីនេះក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានមកពិនិត្យសពភ្លាមៗផងដែរ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣៥នាទីរសៀល ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា បុរសជនជាតិថៃដែលស្លាប់នោះមានឈ្មោះPetkaew Jirawat អាយុ៣០ឆ្នាំ កាន់លិខិតឆ្លងដែនលេខ AA8899069 មុខរបរកម្មករ មានទីលំនៅខេត្តCHANTHABURI ប្រទេសថៃ ។
ចំណែកម្ចាស់ផ្ទះជួលមានឈ្មោះភោគ ផល្លី មុខរបរបើកបន្ទប់ជួល រស់នៅក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ប្រភពបន្តថា សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិត បានទទួលព័ត៌មានពីប្រជាពលរដ្ឋដែលបានរាយការណ៍មកសមត្ថកិច្ចថា មានករណីមនុស្សដេកស្លាប់ ក្នុងបន្ទប់ជួលលេខ២៤ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត
ទើបសមត្ថកិច្ចមកដល់និងរង់ចាំសមត្ថកិច្ចជំនាញ និងគ្រូពេទ្យមកធ្វើការពិនិត្យបន្តទៀតដោយមិនទាន់ដឹងថាស្លាប់ដោយសារមូលហេតុអ្វីពិតប្រាកដនោះទេ។
សពត្រូវបានសមត្ថកិច្ចយកទៅតម្កល់នៅវត្តពោធ៏ថ្មី ដើម្បីទាក់ទងទៅសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖យឹម សុថាន