ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុនសែន បានប្រកាសដាក់សិស្សានុសិស្ស ទាំងអស់នៅទូទាំងប្រទេសទៅជាក្រុមអាទិភាព នៃការចាក់វ៉ាក់សាំង !

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសដាក់សិស្សានុសិស្សទាំងអស់នូវទូទាំងប្រទេសជាក្រុមអាទិភាពនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយថាដើម្បីការពារសុខភាព និងជំរុញដល់ការសិក្សាកាន់តែរឹងមាំរបស់សិស្សានុសិស្សទាំងអស់។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា ចាប់ពីពេលនេះទៅកម្លាំងនគរបាល និងក្រុមអាទិភាពចាប់ចាក់វ៉ាក់សាំងដល់ដូសណានោះសិស្សានុសិស្សត្រូវចាក់ដល់ដូសនោះដែរ។

សម្ដេចតេជោ៖ «សិស្សានុសិស្ស និងកុមារា កុមារី របស់យើងជាងអទិភាពនៃការចាក់វ៉ាក់សាំង។ មិនត្រឹមតែគ្រូបង្រៀនទទួលបានទេ កូនសិស្សត្រូវទទួលបាន។ មន្ត្រីនគរបាល កងកម្លាំងរបស់យើង ទៅដល់ដូសណា កូនសិស្សត្រូវទៅដល់ហ្នឹងដែរ»។

បើតាមសម្ដេចតេជោ សិស្សានុសិស្សនៅកម្ពុជាមានប្រមាណជាង៣លាននាក់។ 

សូមជម្រាបជូនថា, ការប្រលងបាក់ឌុប ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ មានបេក្ខជនប្រលងជាប់មានចំនួន ៧២,០១៦នាក់ ស្មើនឹងប្រមាណ ៦៥.៦៥% (បេក្ខជនប្រលងសរុប ១១៤,១៨៣នាក់)។ បេក្ខជនទទួលបាននិទ្ទេស A មានចំនួន ១,៧៥៣នាក់ (ឆ្នាំ២០១៩ មានចំនួន ៤៤៣នាក់), និទ្ទេស B មានចំនួន ៥,២១៥នាក់ (ឆ្នាំ២០១៩ ចំនួន ២,៤៣០នាក់), និទ្ទេស C មានចំនួន ១១,៦៣៤នាក់ (ឆ្នាំ២០១៩ ចំនួន ៥,៨៤៧នាក់), និទ្ទេស D មានចំនួន ២៣,៤៩៩នាក់ (ឆ្នាំ២០១៩ ចំនួន ១៤,១០០នាក់), និងនិទ្ទេស E មានចំនួន ២៩ ៩១៥ នាក់ (ឆ្នាំ២០១៩ ចំនួន ៥៦,២៣២នាក់)៕

ដោយ ៖ សិលា


ចែករំលែក៖