ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសណ្ដោងកុងតឺន័របើកបុកខឿនទ្រូងផ្លូវនិងបង្គោលភ្លើងនៅផ្លូវជាតិលេខ១ រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តសណ្ដោងកុងតឺន័របានបើកបុកខឿនទ្រូងផ្លូវនិងបង្គោលភ្លើងមួយដើមបាក់រាបដល់ដីហើយកល់ជាប់ក្រោមរថយន្តធ្វើឱ្យរថយន្តទៅមុខលែងរួច និងរងការខូចខាតយ៉ាងដំណំ។     ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កឡើងកាលពីវេលាម៉ោង១២ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

   តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តធុនធំ សណ្ដោងទូរកុងតឺន័រ ក្បាលពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3F-5487 នេះធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ពីលិចទៅកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុក៏រេចង្កូតទៅឆ្វេងដៃជ្រុលទៅបុកខឿនទ្រូងផ្លូវ និងផ្លោងទីបុកបង្គោលភ្លើងមួយដើមបាក់រាបដល់ដី ព្រមទាំងកល់ជាប់ក្រោមរថយន្តបង្កហេតុធ្វើឱ្យរថយន្តនេះទៅមុខលែងរួច ។ បន្ទាប់មកតៃកុងរថយន្តបង្កក៏បានចុះគេចខ្លួនបាត់ស្រមោល ក្រោយពីឃើញស្ថានភាពទីតាំងកើតហេតុមានការខូចខាតច្រើន។

    ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់និងបានសហការជាមួយសមត្ថកិច្ចមូលដ្ឋានធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នានាពេលក្រោយ ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖