ខេត្តក្រចេះ ៖ គោឈ្មោលធំៗចំនួន៤ក្បាលបានជួបហេតុការណ៍ដួលងាប់ជាបន្តបន្ទាប់គ្នា នៅក្រោមបង្គោលភ្លើងក្បែរនិងផ្លូវជាតិ ដោយម្ចាស់ថា ការងាប់បណ្តាលមកពីឆក់ចរន្តអគ្គិសនី ។ ចំណែកឯមន្រ្តីជំនាញអគ្គិសនីថា ការងាប់បណ្តាលមកពីរន្ទះបាញ់ទៅវិញ ។
តាមការឡើងពីបុរសឈ្មោះ ស៊ាង សុធា អាយុ២៧ឆ្នាំ ជាអ្នកគង្វាលគោបានអោយដឹងថា កាលពីល្ងាចថ្ងៃកើតហេតុថ្ងៃទី១ ខែឧសភា២០២២ រូបគេបានដេញគោពីក្រោលទៅស៊ីស្មៅដូចសព្វដង លុះដេញគោមកដល់ចំណុចបង្គោលM108 ត្រង់ស្វ័រP011 ស្ថិតនៅភូមិច្រាប ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ស្រាប់តែគោរបស់ខ្លួនចំនួន០៤ក្បាលបានដួលឆក់ងាប់នៅក្រោមបង្គោលភ្លើងជាបន្តបន្ទាប់ក្នុងសភាពងាប់រឹងត្រង់ជើង និងមានស្នាមដាច់ត្រង់បំពង់ក។ ឃើញដូចនេះ រូបគេក៏រត់ចូលទៅមើលគោដែលដួលនោះ ហើយត្រូវបានភ្លើងឆក់ផងដែរ តែខ្លួនបានដកជើងចេញទាន់។
តែបើទោះជាបែបណាមន្រ្តីអគ្គិសនីដែលបានចុះទៅពិនិត្យមើលបានអះអាងថា ពុំមានការឆ្លងចរន្តអគ្គិសនី នៅចំណុចបង្គោលភ្លើង ដែលគោងាប់នោះទេ។ មន្រ្តីអគ្គិសនីដដែលបានលើកឡើងថា សត្វគោ៤ក្បាលដែលងាប់នេះ គឺអាចបណ្តាលមកពីរន្ទះបាញ់ ។
ពលរដ្ឋនៅតំបន់នោះនិយាយថា នៅវេលាកើតហេតុតំបន់របស់គាត់គឺអាកាសធាតុធម្មតា ពុំមានភ្លៀងផ្គររន្ទះអ្វីនោះទេ។ រីឯការងាប់របស់សត្វគោក្នុងសភាពនេះ ត្រូវបានពលរដ្ឋអះអាងថា អាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនីច្រើនជាង៕
ដោយ៖ សូរិយា