ព័ត៌មានទាន់ហេតុការណ៍៖

បុរសវ័យចំណាស់ម្នាក់ចងកនៅនឹងមេដំបូលផ្ទះស្លាប់ ផ្អើលដល់គ្រួសារនៅស្រុកកំពង់រោទ៍

ចែករំលែក៖

     ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលទាំងវេលារសៀលពីសំណាក់ក្រុមគ្រួសារក៏ដូចជាអ្នកភូមិរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យសព ខណៈដែលបានប្រទះឃើញសមាជិកគ្រួសាររបស់ខ្លួនម្នាក់ចងកនៅនឹងមេដំបូលផ្ទះរបស់ខ្លួនដែលគេសង្ស័យថាជនរងគ្រោះត្រូវជំងឺធ្វើទុក្ខ។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី២ ខែឧសភាឆ្នាំ២០២២ ស្ថិតនៅភូមិព្រៃធ្លក ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍។

    យោងតាមសមត្ថកិច្ចនគរបាលស្រុកកំពង់រោទ៍បានឱ្យដឹងថា បុរសខាងលើត្រូវបានគេស្គាល់ឈ្មោះទុំ ម៉ន អាយុ៧៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

    តាមការពិនិត្យរបស់សមត្ថកិច្ចស្រុកសហការជាមួយកម្លាំងរដ្ឋបាលនិងលោកគ្រូពេទ្យ និងមន្ត្រីជំនាញបច្ចេកទេសបានពិនិត្យឃើញថា នៅលើខ្លួនប្រាណសពពុំមានស្លាកស្នាមរបួសអ្វីដែលសម្គាល់ថាជារឿងឃាតកម្មនោះទេ គឺសពនេះស្លាប់ដោយសារចងកពិតប្រាកដមែន ដោយបានយកក្រមាចងតគ្នាភ្ជាប់នឹងមេដំបូលផ្ទះរបស់ខ្លួន។

    តាមក្រុមគ្រួសារបានអះអាងថា បុរសឈ្មោះទុំ ម៉ន គឺមានជំងឺរុំារ៉ៃយូរឆ្នាំមកហើយដោយបានទៅព្យាបាលនៅមន្ទីរពេទ្យដែរ ប៉ុន្តែមិនបានធូរស្រាលសោះ ហើយនៅរសៀលថ្ងៃកើតហេតុគាត់និងក្រុមគ្រួសារជាប់រវល់ធ្វើការងារផ្ទះ។

ប្រភពបន្តថា ក្រោយមកស្រាប់តែមិនឮសូរសំឡេងឪពុកសោះទើបមានការសង្ស័យក៏ដើរទៅមើល ស្រាប់តែមានការផ្អើលឆោឡោឃើញគាត់ចងកស្លាប់បាត់ទៅហើយ។

    បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖យឹម សុថាន


ចែករំលែក៖