ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង ស្លាប់និងបាត់ខ្លួនជាច្រើននៅអាហ្វហ្គានីស្ថាន

ចែករំលែក៖

រដ្ឋលេខាធិការទទួលបន្ទុកគ្រោះធម្មជាតិអាហ្វហ្គានីស្ថាន លោក Sharafuddin Muslim បានប្រកាសកាលពីថ្ងៃទី៤ខែឧសភាថា មានមនុស្ស២២នាក់ស្លាប់ដោយសារភ្លៀងធា្លក់ខ្លាំងបង្កជាគ្រោះទឹកជំនន់នៅក្នុងខេត្តក្រុងចំនួន១២ ក្នុងប្រទេសនេះរយៈពេល៥ថ្ងៃជាប់គ្នា។ ក្រៅពីអ្នកស្លាប់ក៏មានមនុស្ស២នាក់បាត់ខ្លួន និងជាង៤០នាក់រងរបួស ។ ជាមួយគ្នានេះក៏មានផ្ទះពលរដ្ឋជាង ១០០ខ្នងរងការបំផ្លាញផងដែរ។
សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភា ឆ្នាំ២០២២ បានដកស្រង់សម្តីលោក Sharafuddin Muslim ដែលបញ្ជាក់ថា ខេត្តដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ គឺខេត្តBadghis និងហ្វាយ៉ាប Faryab ភាគខាងលិច រួមទាំងខេត្ត Baghlan ភាគខាងជើង។
លោក Shekhani បានបន្ថែមថា ផ្ទះសម្បែងចំនួន៥០០ខ្នងត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង ខណៈ ដែល២,០០០ខ្នងទៀតបានរងការខូចខាត ហើយសត្វពាហនៈចំនួន៣០០ក្បាលបានងាប់ និងដំណាំប្រហែល ៣,០០០ហិកតាបានរងការខូចខាត។
អាហ្វហ្កានីស្ថាន បានទទួលរងនូវគ្រោះរាំងស្ងួតកាន់តែអាក្រក់ទៅៗក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារការប្រែប្រួលអាកាសធាតុ ជាមួយនឹងទិន្នផលដំណាំធ្លាក់ចុះទាប ដែលបង្កើនការព្រួយបារម្ភអំពីបញ្ហាខ្វះខាតស្បៀងអាហារធ្ងន់ធ្ងរ។ ការប្រែប្រួលអាកាសធាតុបានធ្វើឱ្យបញ្ហានៃភាពក្រីក្រកាន់តែធ្ងន់ធ្ងរដែលបណ្ដាលមកពីសង្រ្គាមជាច្រើនទសវត្សរ៍ ហើយបន្ទាប់មកដោយសារការធ្លាក់ចុះនៃជំនួយបរទេស និងការបង្កកទ្រព្យសម្បត្តិនៅបរទេស បន្ទាប់ពីពួកតាលីបង់បានវាយដណ្ដើមកាន់កាប់ប្រទេស ហើយកងកម្លាំងអាមេរិកបានដកថយចេញកាលពីខែសីហា ឆ្នាំ២០២១កន្លងទៅនេះ៕ដោយ៖ ធីរីណា

រូប​ថត​ ៖ AFP/TTXVN


ចែករំលែក៖