ព័ត៌មានទាន់ហេតុការណ៍៖

ធម៌ និងការគ្រប់គ្រងសង្គម(តពីលេខមុន)

ចែករំលែក៖

(តពីលេខមុន)

 ឯរូបកលាបៈដែលពួកអទិស្សមានកាយថ្នាក់កាមាវចរភូមិ ពុំមានដូចមនុស្សគឺឃានទសកមួយ ជីវ្ហារទសកមួយ ភាវៈទសកមួយ កាយទសកមួយ។ ភាវទសកនេះ ពួកទេវតាក្នុងកាមភពដែលនៅប្រាថ្នាក្នុងកាមរាគៈ ក៏ប្រើចិត្តនេះនិមិ្មតជាប្រុស ជាស្រី ឡើង។ ឯព្រហ្ម ដោយសារកាលខ្លួននៅមានអត្តភាពជាមនុស្ស រមែងអង្គុយសម្លឹងអារម្មណ៍ជាសមថកកម្មដ្ឋានជាប់ជាប្រចាំ ចិត្តនោះរលត់សូន្យអស់ទៅចំពោះវត្ថុកម្មចិត្តជាប់ជំពាក់ចំពោះប្រុស ស្រី ក៏គ្មានទើបពុំមានប្រុស ស្រី នៅឋានព្រហ្មលោកនោះឡើយ។ ឯអ្នកដែលអាចមើលឃើញខ្មោចទេវតាបាន គឺទាល់តែហាត់រៀនសម្លឹងអារម្មណ៍ជាកសិណនោះជាមុន រហូតកើតបានជាឈានចិត្ត ហើយញ៉ាំងសមាធិចិត្តឲ្យកើតឡើងសម្លឹងទៅរកមនោធាតុក្នុងអាកាស ក៏គង់អាចមើលឃើញខ្មោចទេវតាបាន។ បើមនុស្សពុំបានធ្វើអំពើជាអកុសលសម្រាប់សង្គម មានតែការជិះជាន់កេងប្រវ័ញ្ច បោកប្រាស់ គ្មានយុត្តិធម៌ មានតែការលួច ឆក់ ប្លន់កាប់សម្លាប់ ច្រណែនឈ្នានីសព្យាបាទគ្នាមិនចេះចប់ គឺអំពើបាបទាំងនេះ កើតឡើងអាស្រ័យប្រកបដោយអកុសលចិត្ត ១២ ដួង កាលបើស្លាប់ទៅជាខ្មោចរកសុគតិភពពុំឃើញ ព្រោះគ្មានអំណាចខាងផ្លូវចិត្តជាកុសលនោះ។ ស្លាប់ទៅជាខ្មោចពុំអាចយកទ្រព្យទៅជាមួយបានឡើយ គឺយកទៅជាមួយបានតែចិត្តប៉ុណ្ណោះ បើមានសីលគុណ ទើបអាចយកផលចិត្តជាសីលគុណទៅជាមួយបាន គឺចិត្តជាសីលគុណនេះ ទើបអាចប្រើការស្វែងរកសេចក្តីសុខក្នុងភពអទិស្សមានកាយបាន ។ បច្ចុប្បន្នសិលគុណនេះ ដែលជាសេចក្តីសុខរបស់មនុស្សស្ទើរបាត់បង់សាបសូន្យក្នុងលោក ទើបនៅក្នុងភពអទិស្សមានកាយ ពុំអាចនិមិ្មតសំដែងឫទ្ធិឲ្យឃើញស្ដែងៗ(ខ្មោចលង)ដូចកាលសម័យដើមដែលមនុស្សនៅមានចិត្តបរិសុទ្ធបានទៀតឡើយ។ ម្យ៉ាងមនុស្សបានបង្កើតវប្បធម៌បច្ចេកទេសវិទ្យាសាស្រ្ត អាចបម្រើសេចក្តីត្រូវការរបស់ខ្លួនបានតាមប្រាថ្នា ធ្វើឱ្យមនុស្សមានជំនឿក្នុងខ្លួនកាន់តែខ្ពស់ តែជំនឿក្រៅខ្លួនក៏កាន់តែគ្មានប្រសិទ្ធភាពដោយសារមូលហេតុខាងលើមនុស្សក៏បោះបង់ចោលជាបណ្ដើរៗនូវជំនឿគោរពច្បាប់ធម្មជាតិបែបនេះ នាំគ្នាបែរមករកបង្កើតសីលធម៌សង្គម ច្បាប់សង្គម នាំគ្នាគោរពច្បាប់សង្គម ដែលមានភាពជាក់លាក់ មានភាពទៀងទាត់ជាងបង្កើតឡើងនូវវប្បធម៌ ប្រពៃណីទំនៀមទម្លាប់តាមបែបវិទ្យាសាស្ត្រវិញ៕ (នៅមានត)

ពិនិត្យស្រាវជ្រាវតាមច្បាប់ដើមដោយ÷ចៅតាជេត


ចែករំលែក៖