ព័ត៌មានទាន់ហេតុការណ៍៖

មេដឹកនាំប្រទេសកាណាដា អាល្លឺម៉ង់ ក្រូអាត បំពេញទស្សនកិច្ចទៅកាន់ប្រទេសគុយបា

ចែករំលែក៖

នៅថ្ងៃទី៨ខែឧសភា ប្រធានរដ្ឋសភាអាល្លឺម៉ង់ លោកស្រី Bärbel Bas បានជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ក្នុងពេលបំពេញទស្សនកិច្ចនៅក្នុងប្រទេសអ៊ុយក្រែនក្នុងឱកាសនៃពិធីគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់នៅក្នុងសង្គ្រាមលោកលើកទីពីរ ។
លោកស្រីក៏បានពិភាក្សាការងារជាមួយប្រមុខដឹកនាំអ៊ុយក្រែនស្តីពីការផ្គត់ផ្គង់អាវុធ ក៏ដូចជាគោលបំណងរបស់អ៊ុយក្រែនក្នុងការចូលជាសមាជិកណាតូ ។
នៅក្នុងថ្ងៃជាមួយគ្នានោះដែរ ប្រធានាធិបតីអុយក្រែនក៏បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីក្រូអាត លោក Andrej Plenkovic ដែលកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ ក៏ដូចជាជួយដល់អ៊ុយក្រែនចូលជាសមាជិកណាតូ។
នៅថ្ងៃទី៨ខែឧសភា នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ក៏បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងកៀវ ប្រទេសអ៊ុយក្រែនផងដែរ ។ នាយករដ្ឋមន្រ្តីកាណាដា បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា លោក វ្ល៉ាឌីមៀរ ពូទីន គឺជាអ្នកទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្រ្គាម ខណៈដែលលោកបានប្រកាសកញ្ចប់ជំនួយយោធាថ្មីសម្រាប់ទីក្រុងកៀវ និងទណ្ឌកម្មលើរុស្ស៉ី។
ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy លោក ទ្រូដូ បានគូសបញ្ជាក់ថា «វាច្បាស់ណាស់ថា លោកពូទីនត្រូវតែទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្រ្គាម ដែលយើងបានមើលឃើញជាក់ស្តែងនូវភាពឃោរឃៅ នៃសង្រ្គាមខុសច្បាប់ដែលបង្កឡើងដោយរុស្ស៉ី»។ លោកបន្ថែមថា «ថ្ងៃនេះ ខ្ញុំសូមប្រកាសអំពីជំនួយយោធាបន្ថែមទៀត ដែលរួមមាន យន្តហោះឈ្លបយកការណ៍, ប្រព័ន្ធចាប់យករូបភាព, អាវុធធុនតូច, គ្រាប់រំសេវ និងជំនួយផ្សេងៗទៀត ក៏ដូចជាថវិកាសម្រាប់ប្រតិបត្តិការដោះមីនផងដែរ»។
បន្ថែមពីលើនេះ លោក ទ្រូដូ ក៏បានប្រកាសអំពីការដាក់ទណ្ឌកម្មលើបុគ្គលរុស្ស៉ីចំនួន៤០នាក់ និងអង្គភាពចំនួន៥ ដែលមានមន្រ្តី ឬសហការីដែលមានទំនាក់ទំនងជាមួយវិស័យការពារជាតិរបស់
រុស្ស៉ី៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ AFP/TTXVN


ចែករំលែក៖