វិមានខៀវ ដែលជាទីតាំង ការិយាល័យរបស់ប្រធានាធិបតីកូរ៉េខាងត្បូង ជាច្រើនជំនាន់ ពេលនេះ ប្រធានាធិបតីថ្មីបានផ្លាស់ប្តូរការិយាល័យ ដោយទុកវិមាននេះធ្វើជាកន្លែងសម្រាប់ទេសចរណ៍វិញ ឲ្យភ្ញៀវអាចចូលទៅទស្សនាបាន។
អ្នកទេសចរអាចចូលទៅទស្សនា បានប៉ុន្តែត្រូវដាក់សំបុត្រជាមុនតាមអនឡាញ គឺបានចូលទៅកាន់តំបន់សួន Nokjwon កន្លែងទទួលភ្ញៀវ Yeongbin-gwan ចាប់ពីម៉ោង ១២ដល់ម៉ោង២០ ថ្ងៃទី១០ខែឧសភា ជាថ្ងៃបើកដំបូង ក៏ជាថ្ងៃដែលប្រធានាធិបតីជាប់ឆ្នោតថ្មីចូលកាន់តំណែង។ ក្រៅពីនេះនឹងចាប់ផ្តើមបើកនៅម៉ោង ៧ដល់ម៉ោង១៩ជារៀងរាល់ថ្ងៃ។
វិមានខៀវ នឹងត្រូវបញ្ចប់ជាការិយាល័យប្រធានាធិបតី ឬជាវិមានប្រធានាធិបតី ក្រោយរយៈពេល ៧៤ឆ្នាំ ។ ប៉ុន្តែតំបន់មួយចំនួននៅក្នុងវិមានខៀវត្រូវបានហាមប្រាមរហូតដល់ ការបញ្ជូនឯកសារសំខាន់ៗចេញពីទីនោះទាំងអស់ ។ អ្នកទេសចរអាចចូលទៅកម្សាន្តមិនលើសពី ៣៩ពាន់នាក់ក្នុងមួយថ្ងៃ និងមិនលើសពី២ម៉ោង ។
នៅថ្ងៃទី ១០ខែឧសភា ប្រធានាធិបតីថ្មីលោក Yoon Suk-yeol នឹងចាប់ផ្តើមធ្វើការថ្ងៃដំបូង នៅការិយាល័យប្រធានាធិបតីថ្មី ស្ថិតនៅអគាររបស់ក្រសួងការពារជាតិ ក្នុងស្រុក Yongsan ក្នុងរដ្ឋធានី សេអ៊ូល៕ដោយ៖ ធីរីណា
រូបថត ៖ TTXVN